(ឌីលី)៖ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (Democratic Republic of East Timor) ជាប្រទេសដែលមានវ័យក្មេងបំផុតមួយនៅតំបន់អាស៊ី ដែលបានទទួលឯករាជ្យទាំងស្រុងពី​ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ហើយនៅពេលតំណាលគ្នានោះដែរ ប្រទេសនេះបានក្លាយ ជាសមាជិកអង្គការសហប្រជាជាតិ និងសហគមន៍នៃបណ្តាប្រទេសនិយាយ​ភាសាព័រទុយហ្គាល់ផងដែរ។ ទម្រាំទទួលបានឯករាជ្យ ទីម័រខាងកើត បានទទួលរងនូវទុក្ខវេទនា ជាពិសេសអំពើហិង្សា និងទុរភិក្សកាលពីអំឡុងឆ្នាំ ១៩៧៤ ដល់ ១៩៩៩ ដែលបានសម្លាប់មនុស្ស រហូតដល់ ១០២,៨០០នាក់ឯណោះ។

ប្រជាជាតិដែលជាអតីតខេត្តទី២៧ របស់ឥណ្ឌូណេស៊ី និងមានព្រំដែនជាប់ ​ប្រទេសឥណ្ឌូណេស៊ីតែមួយនេះ មានផ្ទៃ ក្រឡាសរុប ១៤,៨៧០គីឡូម៉ែត្រ ជាជម្រក សម្រាប់ប្រជាជន ១.៣លាននាក់ (តួលេខឆ្នាំ២០២០) និងមានរដ្ឋធានីឈ្មោះ ឌីលី។ ងាកទៅមើលដានប្រវត្តិសាស្ត្រវិញ ដែនដីដែលស្ថិតនៅក្នុង ចំណោមបណ្តាកោះទាំងជាង ១៧,០០០ របស់ប្រទេសឥណ្ឌូណេស៊ីនេះ ត្រូវបានមនុស្សដំបូងមកតាំងទីលំនៅកាលពី ៤២,០០០ឆ្នាំមុនម្ល៉េះ។

ចាប់តាំងពីឆ្នាំ ២០០៧មក ប្រទេសទីម័រខាងកើត បានបង្ហាញពីការព្យាយាមរបស់ខ្លួន ដើម្បីក្លាយជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​ ហៅកាត់ថាអាស៊ាន ហើយជាក់ស្តែងសំណើសុំផ្លូវការ ដើម្បីក្លាយជាសមាជិកនេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១១ ។ ជាការពិតណាស់ដែនដីកោះដ៏ក្មេងខ្ចីនេះ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបំពេញទៅតាមលក្ខខណ្ឌជាច្រើន ដើម្បីក្លាយខ្លួនជាសមាជិកអាស៊ានបាន។ ទីម័រខាងកើត ជាប្រទេស អាស៊ីអាគ្នយ៍ទីពីរ បន្ទាប់ពីហ្វីលីពីនដែលមានប្រជាជនភាគច្រើនអ្នកកាន់សាសនាគ្រិស្ត។

ដោយសារតែជាប្រទេសថ្មីថ្មោង និងមានប្រជាជនតិចផងនោះ រដ្ឋាភិបាលទីម័រខាងកើត បានដើរតួនាទីយ៉ាងសស្រាក់ សស្រាំបំផុតដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ ដែលប្រទេសពាក់កណ្តាលដីកោះនេះ បានពឹងតែផ្អែកស្ទើរទាំង ស្រុងទៅលើពាណិជ្ជកម្មប្រេង ហើយប្រាក់ចំណូលបានមកពីការលក់ប្រេង បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ដំណាំសំខាន់ៗសម្រាប់នាំចេញរបស់ ទីម័រខាងកើតមានដូចជា កាហ្វេ កាកាវ និង cinnamon។ ប្រជាជនប្រទេសនេះជាង ៨០ភាគរយរស់នៅតំបន់ទីប្រជុំជន និងជិត២០ភាគរយប៉ុណ្ណោះដែលរស់នៅជនបទ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ មានស្ពាន ថ្នល់ ទឹកស្អាត និងអគ្គិសនីជាដើម នៅមានកម្រិតសម្រាប់ប្រជាជនប្រើប្រាស់នៅឡើយ។ ផលិតផលក្នុងស្រុក សរុបរបស់ប្រទេសនេះគឺ ១.៦ពាន់លានដុល្លារអាមេរិក ជាមួយអាត្រាកំណើន ១.៩ភាគរយ ដែលគិតជាភាគរយវិញ គឺប្រជាជនម្នាក់ៗអាចរកបានប្រាក់ចំណូលជាមធ្យម ១,២៩៥ដុល្លារក្នុងមួយឆ្នាំ (តួលេខឆ្នាំ២០១៩)។

ដោយឡែក បើគិតជា GDP តាមវិស័យនីមួយៗ ក្នុងនោះវិស័យឧស្សាហកម្មមាន៥៩.៣ភាគរយ, សេវាកម្ម ៣១.៣ភាគរយ, កសិកម្ម៩.៤ភាគរយ ហើយដៃគូ នាំចេញរួមមាន ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ថៃ និងកូរ៉េខាងត្បូង (ឆ្នាំ២០២០) ខណៈដៃគូនាំចូលសំខាន់ៗមានឥណ្ឌូណេស៊ី ចិន សិង្ហបុរី ហុងកុង និងម៉ាឡេស៊ី៕