(ឡុងដ៏)៖ កាសែតអង់គ្លេស Daily Mail បានឲ្យដឹងថា សមាជិកសភាអង់គ្លេស នឹងព្យាយាមបណ្តាញលោកស្រី លីស ត្រាស់ (Liz Truss) ចេញពីតំណែងនាយករដ្ឋមន្រ្តីក្នុងសប្តាហ៍នេះ បើទោះបីជាមានការព្រមានពីការិយាល័យនាយករដ្ឋមន្រ្តី ថាវាអាចនាំឲ្យមានការបោះឆ្នោតសកលឡើងវិញក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ដោយដកស្រង់ប្រភពពីមន្រ្តីសុំមិនបញ្ចេញឈ្មោះថា សមាជិកសភាជាង១០០ រូបមកពីគណបក្សអភិរក្សនិយម ដែលជាគណបក្សកាន់អំណាច បានត្រៀមខ្លួនរួចរាល់ ដើម្បីស្នើសុំការបោះឆ្នោតដកសេចក្តីទុកចិត្តលើលោកស្រី ត្រាស់ ទៅកាន់លោក ហ្រ្គាហាំ ប្រាឌី (Graham Brady) ជាប្រធានគណៈកម្មាការ ដែលទទួលបន្ទុកកិច្ចការជ្រើសរើសប្រធានបក្ស។ ដោយឡែក កាសែតអង់គ្លេសមួយទៀត The Times បានរាយការណ៍ថា សមាជិកសភាមួយចំនួន កំពុងធ្វើការពិភាក្សាសម្ងាត់ស្តីពីការជំនួសលោកស្រី ត្រាស់ ជាមួយនឹងមេដឹកនាំថ្មី។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស ដែលបាននិងកំពុងជាប់ផុងក្នុងវិបត្តិនយោបាយ បានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន៣រូបរួចមកហើយ ចាប់តាំងពីបានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប កាលពីឆ្នាំ២០១៦៕