(ប៉េកាំង)៖ ថ្ងៃទី១៦ ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើយ៉ាងឱឡារឹកនៅក្រុងប៉េកាំងប្រទេសចិន។ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិមុន ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ដោយបានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅ ភារកិច្ចស្នូលរបស់បក្សកុម្មុយនីស្តចិនគឺ រួមសាមគ្គី និងដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ដើម្បីរួមគ្នាកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា ដោយគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចគោលដៅតស៊ូមួយរយឆ្នាំទី២ និងជំរុញការស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិឡើងវិញតាមបែបផែនទំនើបចិន។

លោក Xi Jinping បានធ្វើអធិប្បាយអំពីលក្ខណៈពិសេស និងធាតុពិតនៃការធ្វើទំនើបកម្មបែបផែនចិន ក្នុងរបាយការណ៍សមាជបក្សកុម្មុយនីស្តចិន លើកទី២០។លោកបានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាសង្គមនិយមទំនើបដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ដែលមានលក្ខណៈពិសេសនៃការរួមបញ្ចូល នូវបទពិសោធធ្វើទំនើបកម្មនៃបណ្តាប្រទេស ជាមួយលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ចិន។

ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលគ្របដណ្តប់លើ ទ្រង់ទ្រាយប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូល សុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្មដែលអរិយធម៌ខាងសម្ភារៈ និងអរិយធម៌ខាងវិញ្ញាណមានភាពចុះសម្រុងគ្នា ជាការធ្វើទំនើបកម្មដែលមនុស្សជាតិ និងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរតាម មាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព។

ការធ្វើទំនើបកម្មតាមបែបផែនចិន មិនត្រឹមតែអាចនាំមកនូវផលប្រយោជន៍ដល់ ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់ផលប្រយោជន៍ដល់ ប្រជាជនពិភពលោកទៀតផង។ ជាបឋមគឺនាំមកផលប្រយោជន៍ដល់ ការកាត់បន្ថយភាពក្រីក្ររបស់ពិភពលោក ។ បន្ទាប់មកគឺនាំមកផលប្រយោជន៍ដល់ ការបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក។ ក្នុងនាមជាប្រទេសផលិតស្បៀងអាហារធំទី១ លើពិភពលោក ប្រទេសចិនបានប្រើដីស្រែមិនដល់៩% នៃទំហំដីស្រែនៃពិភពលោក ផលិតស្បៀងស្មើនឹង២៥% នៃបរិមាណស្បៀងពិភពលោក ដែលបានដោះស្រាយបញ្ហាហូបចុករបស់ ប្រជាជនចំនួនប្រហែល២០%នៃពិភពលោក។

ព្រមពេលជាមួយគ្នានេះដែរ ប្រទេសចិនថែមទាំងបានលើកឡើង នូវគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការ សន្តិសុខស្បៀងអាហារអន្តរជាតិ ការផ្តល់ជំនួយសង្គ្រោះខាងមនុស្សធម៌ ដើម្បីគាំពារសន្តិសុខស្បៀងអាហារពិភពលោក យ៉ាងសកម្ម។ លក្ខណៈពិសេសមួយទៀតរបស់ ការធ្វើទំនើបកម្មតាមបែបផែនចិន គឺប្រជាជនទាំងមូល ទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព គឺមានន័យថាប្រទេសចិននឹងអនុវត្តការបើកទូលាយដែលមានកម្រិតកាន់តែខ្ពស់ ចែករំលែកកាលានុវត្តភាពទីផ្សារកាន់តែច្រើនជាមួយពិភពលោក សំដៅបំពេញបន្ថែមកម្លាំងចលករ កាន់តែច្រើនដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក។ ការធ្វើទំនើបកម្មតាមបែបផែនចិនថែមទាំង អាចនាំមកផលប្រយោជន៍ដល់អ្នកទាំងអស់គ្នា ក្នុងវិស័យអេកូឡូស៊ីទៀតផង។

ពេលធ្វើរបាយការណ៍ការងារក្នុងសមាជបក្សកុម្មុនីស្តចិនលើកទី២០ លោក Xi Jinping បានគូសបញ្ជាក់ថា ធម្មជាតិគឺជាលក្ខខណ្ឌមូលដ្ឋាន នៃការរស់នៅនិងអភិវឌ្ឍន៍របស់មនុស្សជាតិ។ ការគោរពធម្មជាតិ សម្របតាមធម្មជាតិនិងការពារធម្មជាតិ គឺជាតម្រូវការនៃការកសាងប្រទេសសង្គម និយមទំនើបគ្រប់ជ្រុងជ្រោយ។
លើសពីនេះទៅទៀត ការធ្វើទំនើបកម្មតាមបែបផែនចិន នឹងអាចនាំមកនូវផលប្រយោជន៍ជាច្រើន ក្នុងវិស័យផ្សេងៗ ដូចជាបច្ចេកវិទ្យាទំនើប ការផ្លាស់ប្តូរធនធានមនុស្សជាដើម។

ទោះបីជាមានប្រទេសមួយចំនួនចាត់ទុក ការអភិវឌ្ឍរបស់ប្រទេសចិនជាអ្វីដែលហៅថា «ការគំរាមកំហែងដល់ពិភពលោក» ប៉ុន្តែជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជាអាចទទួលបាន ផលប្រយោជន៍ដែលនាំមកដោយប្រទេសទំនើបកម្មនេះ ដែលមិនប្រើវិធីអាណានិគម មិនឈ្លានពាននិងមិនធ្វើសង្គ្រាមក្នុងការអភិវឌ្ឍ៕

វិទ្យុមិត្តភាពកម្ពុជាចិន