(កៀវ)៖ ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជុំវិញទីក្រុងចំនួន២ នៃតំបន់ដុនបាស់ (Donbas) ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ខណៈទីក្រុងកៀវ រងការវាយប្រហារពីយន្តហោះដ្រូនរបស់រុស្ស៊ី កាលពីព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២។

តាមរយៈវីដេអូ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានថ្លែងយ៉ាងដូច្នេះថា «ចំណុចសមរភូមិក្តៅ នៃតំបន់ដុនបាស់ គឺទីក្រុងសូឡេដា (Soledar) និងទីក្រុងបាកមុត (Bakhmut)។ ទីក្រុងបាកមុត គឺជាគោលដៅរុលទៅមុខសន្សឹមៗ របស់កងកម្លាំងរុស្ស៊ី ដើម្បីឆ្លងកាត់តំបន់ដុនបាស់ ចាប់តាំងពីការដណ្តើមយក ទីក្រុងឧស្សាហកម្មភ្លោះ គឺទីក្រុងលីស៉ីឆាន់ស្ក៍ (Lysychansk) និង ស៉ីវីយឺរ៉ូដូណេត (Sievierodonetsk) កាលពីខែមិថុនា និងខែកក្កដា។ ចំណែកទីក្រុងសូឡេដា ស្ថិតនៅភាគខាងជើងនៃទីក្រុងបាកមុត។

ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានវាយបកលើកងទ័ពអ៊ុយក្រែនវិញ ដើម្បីឈានទៅមុខ ក្នុងតំបន់ដូណេត ខឺសុន និងម៉ាយកូលីវ។ រុស្ស៊ីក៏បានអះអាងផងដែរថាខ្លួនកំពុងបន្តការ វាយប្រហារតាមអាកាសលើ គោលដៅយោធានិងថាមពលអ៊ុយក្រែន។

គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់ដូណេត និងលូហាន់ កើតមានកាន់តែខ្លាំងនៅចុងសប្តាហ៍កន្លងមកនេះ ក្រោយរុស្ស៊ីបានកាត់ផ្នែកខ្លះនៃទឹកដីតំបន់នេះ ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនកាលពីខែមុន៕