(ព្រុចសែល)៖ ក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប (EU) ត្រូវគេរំពឹងថា នឹងព្រមព្រៀងគ្នានៅថ្ងៃចន្ទនេះ លើបេសកកម្ម ផ្តល់ការហ្វឹកហាត់ដល់កងទ័ពអ៊ុយក្រែនចំនួន ១៥,០០០នាក់ ចាប់ពីខែក្រោយទៅ ព្រមទាំងថវិកា៥០០លានអឺរ៉ូ (៤៨៧លានដុល្លារអាមេរិក) សម្រាប់ឧបត្ថម្ភការផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២។

មន្រ្តីជាន់ខ្ពស់ EU ពីររូបបានប្រាប់ថា ការហ្វឹកហាត់យោធាខាងលើ នឹងចាប់ផ្តើមនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ ហើយនឹងប្រព្រឹត្តទៅលើទឹកដីរបស់សហភាពអឺរ៉ុប ក្នុងនោះមួយកន្លែងស្ថិតនៅប្រទេសប៉ូឡូញ និងមួយកន្លែងទៀតស្ថិតនៅប្រទេសអាល្លឺម៉ង់។ កន្លងមកនេះ សមាជិក EU មួយចំនួន គឺបាននិងកំពុងផ្តល់ការបណ្តុះបណ្តាល ដល់ទាហានអ៊ុយក្រែនរួចជាស្រេច ស្តីពីការរបៀបប្រើប្រាស់សព្វាវុធផ្សេងៗ ហើយការបណ្តុះបណ្តាលនេះ នឹងនៅតែបន្ត។

គួរបញ្ជាក់ថា នាឱកាសនោះ ក្រុមប្រមុខការទូត EU ក៏នឹងព្រមព្រៀងគ្នាផ្តល់ថវិកាបន្ថែមចំនួន ៥០០លានអឺរ៉ូ ទៅក្នុងកញ្ចប់មូលនិធិ សម្រាប់ឧបត្ថម្ភបណ្តារដ្ឋជាសមាជិក EU ក្នុងការដឹកជញ្ជូនសព្វាវុធជួយអ៊ុយក្រែនផងដែរ។ ប្រការនេះធ្វើឱ្យចំនួនថវិកាសរុបដែល EU បានផ្តល់សម្រាប់សព្វាវុធដល់ទីក្រុងកៀវ កើនលើស៣ពាន់លានអឺរ៉ូហើយ៕