(កៀវ)៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា នៅថ្ងៃចន្ទនេះ ក្រុមយន្តហោះដ្រូនអត្តឃាត ដែលបាញ់ដោយរុស្ស៉ី បានវាយប្រហារមកលើរដ្ឋធានីកៀវ ដែលវាបានកើតឡើងមួយសប្តាហ៍គត់ បន្ទាប់ពីរដ្ឋធានីរបស់អ៊ុយក្រែន និងទីក្រុងជាច្រើនទៀត បានរងការបាញ់ស្រោច​មីស៉ីលយ៉ាងសម្បើមពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២។

ស៉ីរ៉ែនប្រកាសអាសន្នពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានបន្លឺឡើងក្នុងទីក្រុងកៀវ មិនយូរប៉ុន្មានបន្ទាប់ពីបន្ទុះលើកដំបូង បានកើតឡើងនៅវេលាម៉ោង៦៖៣៥នាទីព្រឹក។ ក្រោយមកក៏មានការបន្លឺស៉ីរ៉ែនប្រកាសអាសន្ន នៅតំបន់ភាគច្រើនទូទាំងប្រទេស។ លោក អាន់ឌ្រី យើម៉ាក (Andriy Yermak) ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយដូច្នេះថា «រដ្ឋធានីរបស់យើង បានរងការវាយប្រហារ ដោយយន្តហោះដ្រូនអត្តឃាត។ រុស្ស៉ីប្រហែលគិតថា ការធ្វើបែបនេះនឹងជួយពួកគេ ប៉ុន្តែធាតុពិតជាក់ស្តែង វាបង្ហាញពីការអស់សង្ឃឹមរបស់ពួកគេទៅវិញទេ»។

លោក យើម៉ាក បានបន្តថា អ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាសបន្ថែម ឱ្យបានឆាប់តាមតែអាចទៅរួច។ រីឯលោក វីតាលី ឃ្លីតឆ្កូ (Vitali Klitschko) អភិបាលទីក្រុងកៀវ បានប្រាប់ថា ការវាយប្រហារដោយដ្រូនខាងលើ បានបង្កឱ្យមានគ្រោះអគ្គិភ័យនិង បង្កការខូចខាតអគារមួយចំនួន នៅសង្កាត់សេវឆេនគីវស្គី (Shevchenkivsky) ហើយលោកបានណែនាំប្រជាជន ស្វែងរកទីកន្លែង​សុវត្ថិភាព ដើម្បីជ្រកកោន។

គួរបញ្ជាក់ថា ការវាយប្រហារនាថ្ងៃចន្ទនេះ គឺកើតឡើង១សប្តាហ៍គត់តែម្តង ក្រោយពីរុស្ស៉ីបានបាញ់មីស៉ីលខ្ទង់ ១០០គ្រាប់ មកលើទីក្រុងកៀវ ព្រមទាំងទីក្រុងជាច្រើនទៀតនៅទូទាំងប្រទេសអ៊ុយក្រែន។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា យន្តហោះដ្រូនផលិតដោយអ៉ីរ៉ង់ ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហាររបស់រុស្ស៉ី មកលើ​ហេដ្ឋារចនាសម្ព័ន្ធថាមពល នៅតាមទីក្រុងមួយចំនួនរបស់អ៊ុយក្រែន។ យ៉ាងណាមិញ កន្លងមក ទីក្រុងតេហេរ៉ង់បានចេញមុខ បដិសេធផ្គត់ផ្គង់សព្វាវុធឱ្យរុស្ស៉ី សម្រាប់យកមកធ្វើសង្រ្គាមនៅអ៊ុយក្រែន៕