(ប៉េកាំង)៖ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែតុលា ។ប្រព័ន្ធសារព័ត៌មានពិភពលោកបានផ្តោតការយកចិត្តទុកដាក់ លើសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដោយបានលើកឡើងថា សមាជលើកនេះនឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងវែងឆ្ងាយចំពោះពិភពលោក។

ថ្ងៃទី១៦ ខែតុលា កាសែត Asahi Shinbun ជប៉ុន បានចុះផ្សាយបទអត្ថាធិប្បាយថា ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ប្រទេសចិនបានដើរទៅរកភាពរុងរឿងថ្កុំថ្កើងជាសន្សឹមៗ ព្រមទាំងទទួលបានវឌ្ឍនភាពយ៉ាងខ្លាំងដោយចាត់ទុក ការកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា ជាគោលដៅ ពិភពលោកទាំងមូលសុទ្ធតែផ្តោតការយកចិត្តទុកដាក់ថា តើបក្សកុម្មុយនីស្តចិននឹងដឹកនាំប្រជាជនចិនសម្រេចបាននូវភាពសម្បូរសប្បាយជាមួយគ្នាយ៉ាងដូចម្តេច?

កាសែត Pakistan Today បានផ្សាយដំណឹងថា ពិភពលោកទាំងមូលនឹងរកបានក្តីសង្ឃឹម ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ពីព្រោះ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍នៅពេលអនាគតរបស់ប្រទេសចិន នឹងបន្សល់ទុកនូវស្លាកស្នាមដ៏យូរអង្វែង ក្នុងរចនាសម្ព័ន្ធភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ចនិងភូមិសាស្រ្តយុទ្ធសាស្រ្តពិភពលោក។

កាសែត The Daily Telegraph នៃប្រទេសអូស្រ្តាលីបានអះអាងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ប្រទេសចិនទទួលបានការរីកចម្រើនយ៉ាងលេចធ្លោលើ វិស័យកាត់បន្ថយភាពក្រីក្រ អវកាសនិងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។

ប្រព័ន្ធសារព័ត៌មាន Sputnik រុស្ស៊ី បានចេញផ្សាយអត្ថបទថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ទំហំសរុបនៃសេដ្ឋកិច្ចចិន បន្តកើនឡើង ព្រមទាំងបានកែលម្អសុខសុភមង្គលរបស់ប្រជាជនចិន។ ពេលបច្ចុប្បន្ននេះ ប្រទេសចិនស្ថិតក្នុងចំណាត់ថ្នាក់នាំមុខ លើវិស័យភាពវៃឆ្លាតសិប្បនិមិត្តនិងសេដ្ឋកិច្ចឌីជីថលជាដើម។ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសចិនប៉ុណ្ណោះទេ និយាយចំពោះពិភពលោកទាំងមូល ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន