(ប៉េកាំង)៖ បក្សកុម្មុយនីស្តចិនដែលជាគណបក្សនយោបាយធំបំផុត នៅលើពិភពលោកដែលមានសមាជិក-សមាជិកាជាង ៩៦ លាននាក់បានបើកធ្វើសមាជបក្សលើកទី២០ របស់ខ្លួននៅថ្ងៃទី១៦ ខែតុលានេះ ដើម្បីបូកសរុបការងាររយៈពេល ៥ឆ្នាំកន្លងទៅ និងដាក់ចេញទិសដៅការងារសម្រាប់អនាគត។

ថ្លែងក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី២០ លោក ស៊ី ជីនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន បានលើកឡើងថា ចាប់ពីសមាជលើកនេះតទៅ ភារកិច្ចសំខាន់នៃបក្សនិងរដ្ឋចិន គឺផ្តោតលើការខិតខំសម្រេច «គោលដៅតស៊ូមួយរយឆ្នាំ» ទី២ របស់ខ្លួន ពោលគឺឆ្ពោះទៅរកការសម្រេចបាន នូវការកសាងប្រទេសសង្គមនិយមទំនើប ដែលប្រកបដោយភាពសម្បូរសប្បាយនិងខ្លាំងក្លា ប្រជាធិបតេយ្យ អរិយធម៌ ចុះសម្រុងនិងស្រស់ស្អាត ដើម្បីស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយ ក្នុងរបាយការណ៍ការងារនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ដែលថ្លែងដោយលោក ស៊ី ជីនភីង គឺការលើកឡើងថា ក្នុងដំណើរថ្មីនៃការខិតខំសម្រេច «គោលដៅតស៊ូមួយរយឆ្នាំ» ទី២ ប្រទេសចិននឹងផ្តោតលើការធ្វើទំនើបកម្មតាមបែបផែនចិន ដែលមានការរួមបញ្ចូលទាំងបទពិសោធ នៃការធ្វើទំនើបកម្មនៃបណ្តាប្រទេសជាមួយ និងការធ្វើទំនើបកម្មដែលមានលក្ខណៈពិសេសរបស់ចិន។

តាមការបកស្រាយរបស់លោក ស៊ី ជីនភីង ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាសង្គមនិយមទំនើបដែលដឹកនាំ ដោយបក្សកុម្មុយនីស្តចិនដែលមានលក្ខណៈពិសេស នៃការរួមបញ្ចូលនូវបទពិសោធធ្វើទំនើបកម្មនៃបណ្តាប្រទេស ជាមួយលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ចិន។ ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលគ្របដណ្តប់លើ ទ្រង់ទ្រាយប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូល សុទ្ធតែទទួលបានជីវភាពរស់នៅ ប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្មដែលអរិយធម៌ខាងសម្ភារៈ និងអរិយធម៌ខាងវិញ្ញាណមានភាពចុះសម្រុងគ្នា ជាការធ្វើទំនើបកម្មដែលមនុស្សជាតិ និងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរតាម មាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព។

អ្វីដែលគួររំលឹកគឺ បន្ទាប់ពីដាក់ចេញ «គោលដៅតស៊ូមួយរយឆ្នាំទាំងពីរ» នៅក្នុងសមាជបក្សលើកទី ១៥ មក ការងារសំខាន់របស់បក្សកុម្មុយនីស្តចិន បានផ្តោតលើគោលដៅទាំងពីរនេះ ដើម្បីសម្រេចការកសាងប្រទេសសង្គមនិយមទំនើប និងស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ដែលជាគោលដៅធំនិងវែងឆ្ងាយ។

ពិសេសចាប់តាំងពីសមាជបក្សកុម្មុយនីស្តលើកទី១៨មក ការខិតខំសម្រេច «គោលដៅមួយរយឆ្នាំ» ទី១ បានត្រូវតម្កល់ជាកិច្ចការអាទិភាពរបស់បក្សនិងរដ្ឋចិន។ ក្នុងឱកាសខួបមួយរយឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន «គោលដៅមួយរយឆ្នាំ» ទី១ ស្តីពីការលុបបំបាត់ភាពក្រីក្រទាំងស្រុង ត្រូវបានសម្រេចដោយជោគជ័យ។ ប្រជាជនស្ថិតក្រោមបន្ទាត់ក្រីក្រ របស់ប្រទេសចិននាពេលបច្ចុប្បន្នសរុប ៩៨,៩៩លាននាក់នៅស្រុកក្រីក្រចំនួន ៨៣២ បានចេញផុតពីភាពក្រីក្រទាំងអស់ ដែលបង្កើតជា «អច្ឆរិយ» មួយក្នុងប្រវត្តិសាស្ត្រ កាត់បន្ថយនិងលុបបំបាត់ ភាពក្រីក្ររបស់ប្រទេសចិន និងពិភពលោក។

បន្ទាប់ពីការជួយឱ្យប្រជាជនក្រីក្រចេញផុតពីភាពក្រីក្រ ការថែរក្សានិងពង្រឹងសមិទ្ធផល នៃការកាត់បន្ថយនិងលុបបំបាត់ភាពក្រីក្រ ជាការងារដែលមិនអាចខ្វះបាន ក្នុងនោះយុទ្ធសាស្ត្រស្តារនិងអភិវឌ្ឍន៍ជនបទបានត្រូវដាក់ចេញ ដើម្បីបង្ការកុំឱ្យពលរដ្ឋក្រីក្រធ្លាក់ខ្លួន ចូលភាពក្រីក្រវិញ ពិសេសគឺការជួយឱ្យប្រជាជនក្រីក្រទាំងអស់ មានជីវភាពរស់នៅធូរធារបង្គួរ រហូតដល់ឈានទៅរកភាពសម្បូរសប្បាយ ដែលជាវិបុលភាពរួមនៃប្រជាជនទូទាំងប្រទេស។

យុទ្ធនាការលុបបំបាត់ភាពក្រីក្រដ៏ជោគជ័យរបស់ប្រទេសចិន បានក្លាយជាបទពិសោធដ៏មានតម្លៃ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ យកទៅសិក្សា។ អង្គការសហប្រជាជាតិក៏បានចាត់ទុកបុព្វហេតុ លុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិនជា ការរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុកាត់បន្ថយ ភាពក្រីក្ររបស់ពិភពលោក និងជាពន្លឹដែលបំភ្លឺក្តីសង្ឃឹមរបស់ ប្រទេសកំពុងអភិវឌ្ឍន៍នានា ក្នុងការពុះពារឧបសគ្គទាំងឡាយ ដើម្បីឈានដល់ការម្រេចបាន នូវការកាត់បន្ថយភាពក្រីក្រ ព្រោះថាមានប្រទេសចិនជាគំរូនៃការ «ធ្វើបាន» ហេតុនេះ ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ក៏នឹងអាចធ្វើបានតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន និងការជួយគាំទ្រនិងចែករំលែកបទពិសោធពីប្រទេសចិន។

យុទ្ធសាស្ត្របើកទូលាយដោយមា្ចស់ការរបស់ប្រទេសចិន ក្រោមការរួមគ្នាកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បានធ្វើឱ្យប្រទេសនិងតំបន់ជាង១៤០ លើពិភពលោកក្លាយជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសចិន ដែលបាននាំមកនូវផលប្រយោជន៍រួម និងកាលានុវត្តភាពអភិវឌ្ឍន៍ថ្មី សម្រាប់ពិភពលោកទាំងមូល។

ថ្នាក់ដឹកនាំចិនបានលើកឡើងជាច្រើនលើកច្រើនសាថា ការអភវិឌ្ឍរបស់ប្រទេសចិនជាការអភិវឌ្ឍរបស់ពិភពលោក។ ជាក់ស្តែង ប្រទេសជាដៃគូពាណិជ្ជកម្មរបស់ចិន ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានការអភិវឌ្ឍតិចតួចបានទទួល សមិទ្ធផលយ៉ាងធំធេងក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគី ឬពហុភាគីជាមួយប្រទេសចិន។

ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងកម្ពុជា បានត្រូវពង្រឹងនិងពង្រីកថែមទៀត ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសកសិផលស្រស់របស់កម្ពុជា កាន់តែច្រើនឡើងៗត្រូវបានអនុញ្ញាតឱ្យចូលទីផ្សារចិន។ ទោះស្ថិតក្នុងបរិបទកូវីដក្តី តែសមិទ្ធផលនានាដែលជាគម្រោងជំនួយរបស់ចិន បានលេចចេញជារូបរាងជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា។ បច្ចុប្បន្ន ប្រទេសទាំងពីរកម្ពុជានិងចិនបាននិងកំពុងរួមគ្នា កសាងសហគមន៍រួមវាសនាកម្ពុជា-ចិន ដែលធ្វើឱ្យចំណងមិត្តភាពដែកថែបរឹតតែរឹងមាំថែមទៀត។

ប៉ុន្តែ ស្របនឹងការអភិវឌ្ឍរបស់ប្រទេសចិន បស្ចិមប្រទេសមួយចំនួនតូច បែរជាបានចាត់ទុកថាជា «ការគំរាមកំហែង» ទៅវិញ ដែលជារឿងដ៏ហួសចិត្តនិងគួរឱ្យអស់សំណើច។ ដូចអ្វីដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសចិន បានសន្យាម្តងហើយម្តងទៀតថា មិនថាប្រទេសចិនមានការអភិវឌ្ឍដល់កម្រិតណា ក៏ប្រទេសចិននឹងប្រកាន់ខ្ជាប់ជានិច្ចនូវពហុភាគីនិយម ហើយដាច់ខានមិនធ្វើអនុត្តរភាព និងមិនវាតទីជារៀងរហូតទាំងនេះបានសបង្ហាញពី ភាពស្មោះត្រង់របស់ប្រទេសចិន ដែលរីករាយក្នុងការចែករំលែកសមិទ្ធផលអភិវឌ្ឍន៍របស់ខ្លួន ជាមួយពិភពលោក រីករាយចងមិត្តជាមួយប្រជាជនគ្រប់ជនសាសន៍ ដើម្បីរួមគ្នាកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ ពិសេសកសាងពិភពលោកមួយដែលប្រកបដោយសុខដុមនីយកម្ម សាមគ្គីភាព ភាតរភាព និងសុខសន្តិភាព៕

អត្ថបទដោយ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន