(កៀវ)៖ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានរាយការណ៍ថាមានស្នូរសំឡេងផ្ទុះចំនួន២លើក បានកើតឡើងនៅក្នុង រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។

ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងឡើង ភ្លាមៗបន្ទាប់ពីឮសូរស្នូរផ្ទុះចំនួន២លើក ដែលបានកើតឡើងនៅម៉ោង ៦៖៣៥នាទីព្រឹក និងម៉ោង ៦៖៤៥នាទីព្រឹក ថ្ងៃចន្ទនេះ (ម៉ោងក្នុងទីក្រុងកៀវ)។ ភ្លាមៗ មិនទាន់មានការបញ្ជាក់លម្អិតពីហេតុការណ៍ផ្ទុះទាំង២លើកនេះទេ ដែលបានកើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយរុស្ស៉ីបាញ់ស្រោចមីស៊ីលជាច្រើនគ្រាប់លើរដ្ឋធានីកៀវ និងទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន។

កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅ រុស្ស៉ីបាញ់ស្រោចមីស៊ីលលើរដ្ឋធានីកៀវ និងទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានផ្ដាច់ជីវិតមនុស្ស យ៉ាងហោច ១៩នាក់ និង១០៥នាក់បានរងរបួស ដោយបណ្ដាលឱ្យមានការថ្កោសទោសយ៉ាងខ្លាំងពីបណ្ដាប្រទេសលោកខាងលិច។ ការវាយប្រហារនេះត្រូវបាន លោក ពូទីនចាត់ទុកថាការសងសឹកទៅនឹងការបំផ្ទុះបំផ្លាញស្ពានដ៏សំខាន់មួយ នៅក្នុងតំបន់គ្រីមៀ។ ប៉ុន្តែ លោក ពូទីនផ្ទាល់ កាលពីប៉ុន្មានថ្ងៃមុននេះ បាននិយាយថា រុស្ស៉ីមិនមានគម្រោងវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនជាថ្មីទៀតនោះទេ ក្នុងពេលបច្ចុប្បន្ន៕