(ម៉ាឡាំង)៖ ប្រជាជនឥណ្ឌូនេស៊ីបានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រ ដើម្បីបួងសួង និងកាន់ទុក្ខមនុស្ស ១៣១នាក់ដែលបានស្លាប់នៅក្នុងព្រឹត្តិការណ៍រត់ជាន់គ្នា ក្នុងកីឡាបាល់ទាត់កាលពី​ ០៦ថ្ងៃមុន ខណៈពេលដែលអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័ស​​ ចំពោះគ្រោះមហន្តរាយកីឡដ្ឋានដ៏សាហាវបំផុតមួយរបស់ពិភពលោក ដើម្បីឱ្យជនរងគ្រោះបានសម្រាកដោយសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៧ ខែតុលា​ ឆ្នាំ២០២២។

ភាគច្រើននៃអ្នកស្លាប់គឺដោយសារការថប់ដង្ហើម ខណៈដែលពួកគេ​បានរត់គេចភ័យស្លន់ស្លោ ដើម្បីព្យាយាមរត់គេចបន្ទាប់ពីប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ក្នុងការប៉ុនប៉ងបំបែកហ្វូងមនុស្សដែលធ្វើបាតុកម្ម។

អ្នកគាំទ្របាល់ទាត់វ័យ ៥៣ឆ្នាំ លោក Widodo បាននិយាយបន្ទាប់ពីចូលរួមការអធិស្ឋានថា «អ្នកគាំទ្រជាច្រើនបានទាមទារដំណោះស្រាយជាបន្ទាន់ ចំពោះករណីនេះដើម្បីឱ្យព្រលឹងនៃអ្នកស្លាប់បានទៅកាន់សុគតិភព»

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ក្រោយព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយបានបញ្ចប់ទៅ ក្នុងកីឡដ្ឋានមួយកន្លែង នៅទីក្រុងម៉ាឡាង (Malang) នៃខេត្តជ្វាខាងកើតរបស់ប្រទេសឥណ្ឌូណេស៉ី ក្រុមអ្នកគាំទ្រស្រាប់តែបាននាំគ្នា សម្រុកចូលលុកលុយទីលាន។ ជាចំណាត់ការឆ្លើយតប កងកម្លាំងប៉ូលិសក៏បានបាញ់ឧស្ម័នបង្ហូរ ដើម្បីបំបែកក្រុមអ្នកគាំទ្រទាំងនោះវិញ ជាហេតុនាំឱ្យមានការរត់បែកខ្ញែកប្រសាចចែកជើងគ្នា។

ពាក់ព័ន្ធហេតុការណ៍នេះ ប្រធានាធិបតីឥណ្ឌូណេស៉ី បានសម្រេចប្រកាសឱ្យផ្អាករាល់ការប្រកួតដទៃៗទៀត នៃលីគបាល់ទាត់ក្នុងស្រុក ដែលគ្រោងធ្វើឡើង ព្រមទាំងឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឡើងវិញឱ្យល្អិតល្អន់ អំពីសណ្តាប់ធ្នាប់នៃការប្រកួតកីឡាបាល់ទាត់ នៅក្នុងប្រទេស ក៏ដូចជានីតិវិធីនៃការរក្សាសន្តិសុខកំលុងការប្រកួត៕