(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គី ឡារ៉ូវ (Sergei Lavrov) បាននិយាយនៅថ្ងៃសុក្រនេះថា សម្តីរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលចង់ឲ្យអង្គការណាតូ (NATO) គួរបើកការវាយប្រហារលើប្រទេសរុស្ស៊ីដើម្បីការពារខ្លួន គឺបានបញ្ជាក់យ៉ាងច្បាស់ពីតម្រូវការដែលទីក្រុងមូស្គូ ត្រូវបើកនូវអ្វីដែលលោកហៅថា «ប្រតិបត្តិការពិសេស» នៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២។

នៅក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នកជំនាញនយោបាយអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ហ្សេលេនស្គី បានលើកឡើងថា លោកជឿថា ការវាយប្រហារទប់ស្កាត់គឺជារឿងចាំបាច់ ដើម្បីរារាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែមិនបានលម្អិតថាតើជាការវាយប្រហារបែបណាទេ ហើយក៏មិនបានបញ្ជាក់អំពីតម្រូវការសម្រាប់ ការវាយប្រហារដោយនុយក្លេអ៊ែរនោះដែរ។

លោក ឡារ៉ូវ បានគូសបញ្ជាក់ថា «ការដែរលោកលោក ហ្សេលេនស្គី លើកឡើងបែបនេះ វាដូចជាបានបង្ហាញដល់ពិភពលោក នូវភស្តុតាងដ៏សំខាន់បន្ថែមទៀត អំពីការគំរាមកំហែងពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវ។ ហើយនេះជាមូលហេតុដែល ប្រតិបត្តិការយោធាពិសេសមួយ ត្រូវធ្វើឡើងដើម្បីបន្សាបពួកគេ»

គួរបញ្ជាក់ថា រុស្ស៉ី បានបើកការឈ្លានពានអ៊ុយក្រែន ក្រោមហេតុផលដើម្បីលុបបំបាត់យោធា និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជិតខាងខ្លួនមួយនេះ ខណៈអ៊ុយក្រែនក៏ដូចជាលោកខាងលិច បានច្រានចោលការអះអាងបែបនេះ ថាជាលេសដែលគ្មានមូលដ្ឋាន៕