(ហែលស៉ិនគី)៖ ទីភ្នាក់ងារសន្តិសុខស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា ការស៉ើបអង្កេតឧក្រិដ្ឋកម្មនៅទីតាំងបំពង់ឧស្ម័ន Nord Stream 1 និង Nord Stream 2 បានរកឃើញភស្តុតាងនៃការបំផ្ទុះ ខណៈវាធ្វើឱ្យការសង្ស័យកាន់តែរឹងមាំថែមទៀត អំពីទង្វើលួចបំផ្លិចបំផ្លាញ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២។

បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតនៅកន្លែងកើតហេតុ ទីភ្នាក់ងារសន្តិសុខស៊ុយអែត បានសន្និដ្ឋានថា មានការបំផ្ទុះនៅបំពង់ Nord Stream 1 និង Nord Stream 2 នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ស៊ុយអែត ហើយវាបណ្តាលឲ្យមានការខូចខាតខ្លាំងគួរសម។ ក្រុមមន្រ្តីជំនាញបានយកវត្ថុធាតុមួយចំនួនពីកន្លែងទាំងនោះ ដើម្បីមកធ្វើការវិភាគបន្ថែម។

បើតាមអ្នកនាំពាក្យកងទ័ពជើងទឹកស៊ុយអែត លោក ជីមី អាដាមសុន (Jimmie Adamsson), ការស៊ើបអង្កេតដែលធ្វើឡើងដោយ ឆ្មាំសមុទ្រនិងកងទ័ពជើងទឹកស៊ុយអែត គឺតាមរយៈការប្រើប្រាស់យានមុជទឹកគ្មានមនុស្សបើក ដ្បិតបំពង់ទាំងនោះស្ថិតនៅជម្រៅ ៧០-៨០ម៉ែត្រ។

ចំណែក រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក ហ្ស៉ីប៉េ កូហ្វដ (Jeppe Kofod) បានឲ្យដឹងថា ក្រុមការងារពិសេសមួយ ដឹកនាំដោយប៉ូលិស រវាងប្រទេសដាណឺម៉ាក ស៊ុយអែត និងអាល្លឺម៉ង់ គឺជាអ្នកទទួលបន្ទុកគ្រប់គ្រងលើ កិច្ចការស៉ើបអង្កេតនេះ ហើយមិនអនុញ្ញាតឲ្យភាគផ្សេងទៀត ចូលរួមឡើយ។

គួរបញ្ជាក់ថា ការផ្ទុះបំពង់បង្ហូឧស្ម័នខាងលើ ដែលតភ្ជាប់រវាងរុស្ស៉ីនិងអាល្លឺម៉ង់ តាមសមុទ្របាល់ទិក បានក្លាយជាប្រធានបទក្តៅ ក្នុងវិបត្តិអ៊ុយក្រែន។ ជុំវិញករណីនេះ ទីក្រុងមូស្គូបានព្យាយាមទម្លាក់កំហុសលើក្រុមប្រទេសលោកខាងលិច ដោយចង់សំដៅថា សហរដ្ឋអាមេរិកអាចជាអ្នកទទួលបានផលប្រយោជន៍។ យ៉ាងនេះក្តីទីក្រុងវ៉ាស៉ីនតោន បានបដិសេធពីការពាក់ព័ន្ធណាមួយ ក្នុងបញ្ហានេះ៕