(បេរូត)៖ ទីបញ្ជាការកណ្តាលយោធាអាមេរិក ហៅកាត់ថា Centcom បានឲ្យថា កងកម្លាំងអាមេរិកបានសម្លាប់ សមាជិកជាន់ខ្ពស់នៃក្រុម ISIS កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងប្រតិបតិ្តការវាយឆ្មក់មុនថ្ងៃរះ នៅភាគឦសានប្រទេសស៊ីរី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២។

ប្រតិបត្តិការនេះ គឺជាកិច្ចខិតខំប្រឹងប្រែងថ្មីចុងក្រោយរបស់សហរដ្ឋអាមេរិក ក្នុងការបោសសំអាតក្រុមភេរវករ ISIS ដែលនៅបន្តតែរៀបចំការវាយប្រហារនៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។ អ្នកនាំពាក្យទីបញ្ជាការដ្ឋានយោធាអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា (Centcom) លោក កូឡូណេល ចូប៊ូសស៉ីណូ (Colonel Joe Buccino) បានប្រាប់ AFP ឲ្យដឹងថា «កងកម្លាំង Centcom បានធ្វើការវាយឆ្មក់នៅភាគឦសានប្រទេសស៊ីរី ដោយមានគោលដៅលើសមាជិកជាន់ខ្ពស់ ISIS ម្នាក់»។

ក្រោយមក Centcom បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយឆ្មក់បានកំណត់គោលដៅលើ មន្រ្តីជាន់ខ្ពស់ ISIS មួយរូប ឈ្មោះ រ៉ាកាន់ វ៉ាហីដ អាល់ សាម៉ារី (Rakkan Wahid al-Shammari) ដែលល្បីឈ្មោះជាអ្នកសម្របសម្រួលការរត់ពន្ធអាវុធ និងជនសកម្មប្រយុទ្ធ។ លោក សាម៉ារី ត្រូវបានសម្លាប់ រីឯសហការីរបស់លោកម្នាក់បានរងរបួស។ ជាមួយគ្នានេះ សមាជិក ISIS ២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ហើយការវាយឆ្មក់នេះមិនបណ្តាលឲ្យមានអ្នកបាត់បង់ជីវិត ថែមទៀតទេ។

គួរបញ្ជាក់ថា ក្រោយបាត់បង់ទឹកដីចុងក្រោយរបស់ ISIS បន្ទាប់ពីការយុទ្ធនាការរបស់ក្រុមយោធាចម្រុះដឹកនាំ ដោយសហរដ្ឋអាមេរិក ក្នុងខែមីនា ឆ្នាំ២០១៩ បណ្តាញក្រុម ISIS នៅក្នុងប្រទេសស៊ីរី ភាគច្រើនបានដកថយចូល ទៅកាន់ទីតាំងទីជ្រកកោនរបស់ពួកគេ នៅតាមតំបន់វាលខ្សាច់។ ចាប់តាំងពីពេលនោះមក ពួកគេបានប្រើកន្លែងលាក់ខ្លួនបែបនេះ ដើម្បីស្ទាក់វាយប្រហារកងកម្លាំងដឹកនាំដោយឃើដ និងទាហានរដ្ឋាភិបាលស៊ីរី ហើយទន្ទឹមគ្នា ពួកគេក៏បន្តវាយប្រហារឥតឈប់ នៅប្រទេសអ៉ីរ៉ាក់ផងដែរ៕