(WHO)៖ រលកថ្មីនៃជំងឺកូវីដ ១៩ ហាក់ដូចជាកំពុងផ្ទុះឡើងវិញនៅតំបន់អឺរ៉ុប ចំពេលដែលអាកាសធាតុត្រជាក់មកដល់ ដោយអ្នកជំនាញផ្នែកសុខភាពសារធារណៈបានព្រមានថា ការចុះខ្សោយនិងភាពច្របូលច្របល់នៃការជ្រើសរើសប្រភេទវ៉ាក់សាំង ទំនងជាប៉ះពាល់ដល់ដំណើរការចាក់ដូសជំរុញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២។

មេរោគអូមីក្រុង BA.4/5 ដែលគ្របដណ្តប់ការឆ្លងនៅកំលុងរដូវក្តៅនេះ នៅតែតាមពីក្រោយនៃការឆ្លងភាគច្រើន ខណៈអូមីក្រុងបម្លែងថ្មីកំពុងរាលដាលខ្លាំង។ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅសប្តាហ៍នេះថា ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងតាមដាននូវទម្រង់ថ្មីនៃមេរោគអូមីក្រុង រាប់រយប្រភេទ។ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ករណីឆ្លងក្នុងសហភាពអឺរ៉ុប (EU) បានឈានដល់ ១.៥លាននាក់កាលពីសប្តាហ៍មុន ដែលកើនឡើង៨% បើទោះជាចំនួនករណីឆ្លងបន្តថយចុះក្តី។ ដោយឡែក ចំនួនអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យទូទាំងប្លុក២៧ប្រទេស ដូចជាប្រទេសអង់គ្លេស ជាដើមនោះ គឺមានការកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

អ្នកជំនាញខាងសុខភាពសាធារណៈ បានបន្ថែមថា មន្ត្រីអឺរ៉ុប និងអង់គ្លេស បានគាំទ្រការចាក់ដូសជំរុញចុងក្រោយបំផុត សម្រាប់តែក្រុមមនុស្សដែលបានជ្រើសរើស រួមទាំងមនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពារសុខភាពខ្សោយ។ ហើយកាន់តែស្មុគស្មាញថែមទៀតនោះគឺ «ជម្រើស» នៃវ៉ាក់សាំងដូសជំរុញដែលទំនងជានឹងបន្ថែមភាពច្របូកច្របល់។

គួរបញ្ជាក់ថា ទិន្នន័យពីមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC), គិតចាប់តាំងពីថ្ងៃទី៥ ខែកញ្ញា នៅពេលដែលការចេញវ៉ាក់សាំងថ្មីបានចាប់ផ្តើមនៅក្នុងសហភាពអឺរ៉ុប វ៉ាក់សាំងប្រហែល៤០លានដូស ដែលផលិតដោយក្រុមហ៊ុនភីហ្វាហ្សឺ និងក្រុមហ៊ុនមូដឺណា ត្រូវបានបញ្ជូនទៅកាន់ប្រទេសជាសមាជិក។ ទោះជាយ៉ាងណាក៏ដោយ កម្រិតនៃការចាក់វ៉ាក់សាំងប្រចាំសប្តាហ៍ ក្នុងសហភាពអឺរ៉ុបមានត្រឹមតែចន្លោះពី១លានទៅ១,៤លាននាក់ប៉ុណ្ណោះ អំឡុងខែកញ្ញា បើធៀបនឹងចំនួនពី៦លាន ទៅ១០លាននាក់ក្នុងមួយសប្តាហ៍ កាលពីឆ្នាំ២០២១៕