(វាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា ការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាការគំរាមកំហែងដែលមានហានិភ័យដ៏ធំបំផុត ចាប់តាំងពីវិបត្តិមីស៉ីលរបស់ប្រទេសគុយបា ដោយបន្ថែមថាទីក្រុងវ៉ាស៊ីនតោនកំពុង «ព្យាយាមរកឲ្យឃើញ» ពីបំណងពិតប្រាកដរបស់ពូទីន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រទ ទី៧ ខែតុលា ឆ្នាំ២០២២។

ជារឿយៗសេតវិមានមិនបានមើលឃើញថា រុស្ស៊ីកំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ បើទោះបីជាមានការគំរាមប្រើអាវុធនុយក្លេអ៊ែររបស់លោក ពូទីន ក៏ដោយ។ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា លោកកំពុងតាមដានយ៉ាងដិតដល់ចំពោះលោក ពូទីន និងរបៀបដែលលោកអាចប្រតិកម្ម នៅពេលដែលយោធាអ៊ុយក្រែនសម្រេចបានគោលដៅ ក្នុងការធ្វើសង្រ្គាមជាមួយរុស្ស៉ី។

ថ្លែងប្រាប់សមាជិកគណបក្សប្រជាធិបតេយ្យ នៅក្នុងទីក្រុងញូយ៉ក លោក បៃដិន បានគូសបញ្ជាក់ថា «ជាលើកដំបូង គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបា ពេលនេះយើងកំពុងមានការគំរាមកំហែងដោយផ្ទាល់ ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៉ី ប្រសិនបើស្ថានការណ៍ជាក់ស្តែងកំពុងបន្តទៅមុខប្រឆាំងនឹងពួកគេ។ លោក ពូទីន ប្រហែលជាមិននិយាយលេងទេ ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ត អាវុធជីវសាស្រ្ត ឬអាវុធគីមី ពីព្រោះយោធានៃប្រទេសរបស់លោក ប្រហែលជាសម្រេចបាននូវគោលដៅតិចតួចណាស់»

គួរបញ្ជាក់ថា វិបត្តិមីស៊ីលគុយបា ដែលបណ្តាលមកពីវត្តមានរបស់មីស៊ីលសូវៀតនៅក្នុងប្រទេសគុយបា កាលពីឆ្នាំ១៩៦២ ជិតនឹងឈានទៅដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ កាលនោះ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ចន ខេននេឌី (John Kennedy) និងសហភាពសូវៀតក្រោមការដឹកនាំរបស់លោក នីគីតា គ្រូសឆេវ (Nikita Khrushchev)៕