(បាងកក)៖ អគាររដ្ឋាភិបាលថៃទាំងអស់ នៅថ្ងៃសុក្រនេះបានបង្ហូតទង់ជាតិមកនៅត្រឹមពាក់កណ្ដាល ដើម្បីជាការកាន់ទុក្ខដល់ជនរងគ្រោះដែលបានស្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារ និងវាយប្រហារដោយកំាបិត នៅឯមណ្ឌលថែទាំកុមារមួយកន្លែងស្ថិតនៅភាគឦសាននៃប្រទេស។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា មនុស្សយ៉ាងហោច ៣៧នាក់ ក្នុងនោះមានកុមារ ២៤នាក់ដែលមានអាយុចន្លោះពី ២ឆ្នាំដល់ ៥ឆ្នាំ បានបាត់បង់ជីវិត ក្នុងហេតុការណ៍វាយប្រហារដ៏សាហាវមួយ បន្ទាប់ពីបុរសម្នាក់ ប្រដាប់ដោយកាំភ្លើង និងកាំបិត បានសម្រុកចូលវាយប្រហារ លើមជ្ឈមណ្ឌលមើលថែទាំកុមារ យូថៃ សាវ៉ាន់ (Uthai Sawan) ស្ថិតនៅក្នុងស្រុកណាក្លាង (Na Klang) ខេត្ត ណងបួលាំភូ (Nong Bua Lamphu)។

ជនសង្ស័យត្រូវបានប៉ូលិសកំណត់អត្តសញ្ញាថាមានឈ្មោះ Panya Khamrab មានអាយុ ៣៤ឆ្នាំ។ បើតាមប្រព័ន្ធផ្សព្វផ្សាយថៃ ខ្មាន់កាំភ្លើងរូបនេះធ្លាប់ជា អតីតមន្ត្រីប៉ូលិសម្នាក់ ដែលត្រូវបានបណ្ដេញចេញពីតួនាទីកាលពីឆ្នាំ២០២១ ដោយសារប្រើប្រាស់គ្រឿងញៀន។ ក្រោយមកខ្មាន់កាំភ្លើងរូបនេះបាញ់សម្លាប់ ប្រពន្ធកូន ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ៕