(ហ្សឺណែវ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីជូនដំណឹងឱ្យមានការប្រុងប្រយ័ត្ន ចំពោះថ្នាំសេរ៉ូបំបាត់ក្អកនិងផ្តាសាយចំនួន៤ប្រភេទ ដែលផលិតដោយក្រុមហ៊ុនឱសថ ម៉ៃដិន (Maiden Pharmaceuticals) នៅឯ​ប្រទេសឥណ្ឌា ខណៈ WHO បានព្រមានថា ពួកវាអាចមានជាប់ពាក់ព័ន្ធទៅនឹង ការស្លាប់របស់កុមារចំនួន៦៦នាក់ នៅប្រទេសហ្កំប៊ី (Gambia) នៃតំបន់អាហ្រ្វិកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។

ប្រមុខអង្គការ WHO លោក ថេដ្រូស អាដហាណូម ហ្កេប្រ៊ីយេស៊ូស (Tedros Adhanom Ghebreyesus) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ផលិតផលសេរ៉ូបំបាត់ក្អកនិងផ្តាសាយទាំង៤ប្រភេទខាងលើ ដែលរួមមាន ប្រូមេតាហ្ស៉ីន អូរ៉ាល់ សូលូសិន (Promethazine Oral) Solution), កូហ្វិចម៉ាលីន បេប៊ី ខហ្វ ស៉ីរ៉ាប់ (Kofexmalin Baby Cough Syrup), ម៉ាកូហ្វ បេប៊ី ខហ្វ ស៉ីរ៉ាប់ (Makoff Baby Cough Syrup) និង ម៉ាហ្គ្រីប អិន ខូល ស៉ីរ៉ាប់ (Magrip N Cold Syrup) គឺប្រហែលមានជាប់ទាក់ទងនឹង ករណីជំងឺតម្រងនោមស្រួចស្រាវ ព្រមទាំងការស្លាប់ចំនួន៦៦នាក់ ក្នុងចំណោមកុមារនៅប្រទេសហ្កំប៊ី។

គួរបញ្ជាក់ថា បើតាមលោក ថេដ្រូស អង្គការសុខភាពពិភពលោក កំពុងធ្វើការស៉ើបអង្កេតស៉ីជម្រៅបន្ថែមជាមួយ ក្រុមហ៊ុនឱសថ ម៉ៃដិន ផ្ទាល់ ព្រមទាំងអាជ្ញាធរនិយតកម្មផ្នែកសុខាភិបាលរបស់ឥណ្ឌា។ ទន្ទឹមគ្នា WHO ថែមទាំងបានព្រមានថា ផលិតផលថ្នាំសេរ៉ូទាំងអស់នេះ ក៏អាចត្រូវបានចែកចាយនៅក្រៅប្រទេសហ្កំប៊ីផងដែរ៕