(យូអិន)៖ រុស្ស៉ី កំពុងបញ្ចុះបញ្ចូលឲ្យមានការបោះឆ្នោតជាសម្ងាត់​ ជំនួសឲ្យការបោះឆ្នោតជាសាធារណៈ នៅពេលដែលសមាជិកចំនួន១៩៣ នៃមហាសន្និបាត អង្គការសហប្រជាជាតិ (UN) នៅសប្តាហ៍ក្រោយនេះ នឹងធ្វើការសម្រេចចិត្តថាតើត្រូវថ្កោលទោសទីក្រុងមូស្គូ ឬក៏យ៉ាងណា ជុំវិញការកាត់យកទឹកដីចំនួន៤ តំបន់របស់អ៊ុយក្រែននាពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។

អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន បានចាត់ទុកការបោះឆ្នោតប្រជាមតិរបស់រុស្ស៉ី នៅតំបន់ដូណេត លូហាន់ ខឺសុន និងហ្សាប៉ូរីសហ្ស៉ីយ៉ា ថាជាទង្វើខុសច្បាប់។ សេចក្តីព្រាងនៃសេចក្តីសម្រេចរបស់មហាសន្និបាទ UN ដែលរៀបចំដោយក្រុមប្រទេសលោកខាងលិចមានគោលដៅថ្កោលទោស «ការធ្វើប្រជាមតិខុសច្បាប់» របស់រុស្ស៉ី និង «ការប៉ុនប៉ងកាត់យកទឹកដីដោយខុសច្បាប់» នៃតំបន់ខាងលើនេះ។

ក្នុងលិខិតមួយផ្ញើទៅកាន់ប្រទេសជាសមាជិកនានា ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក វ៉ាស់ស៉ីលី ណេបិនហ្សៀ (Vassily Nebenzia) បានគូសបញ្ជាក់យ៉ាង ដូច្នេះថា «នេះជាការវិវត្តន៍ផ្នែកនយោបាយមួយ និងជាការបង្កហេតុយ៉ាងច្បាស់ ដែលមានគោលបំណងធ្វើឲ្យមានការរើសអើងនៅក្នុងមហាសន្និបាត និងក្នុង ចំណោមសមាជិករបស់ UN»។ លោកបានបន្តថា ការបោះឆ្នោតសម្ងាត់មួយគួរតែត្រូវធ្វើឡើងជាចាំបាច់ ស្របពេលមហាសន្និបាតទំនងជានឹងត្រូវបោះឆ្នោត ជាសាធារណៈថាតើត្រូវរៀបចំការបោះឆ្នោតសម្ងាត់ដែរ ឬអត់។

គួរបញ្ជាក់ថា រុស្ស៊ីមិនបានគ្រប់គ្រងទាំងស្រុងលើតំបន់ទាំង៤ ដែលខ្លួនអះអាងថាបានដាក់បញ្ចូលនោះទេ ហើយកងកម្លាំងអ៊ុយក្រែនបានដណ្តើមយកទឹកដី ជាច្រើនមកវិញ ចាប់តាំងពីដើមខែកញ្ញាមក។ កំលុងពេលដែលរុស្ស៉ីក្រសោបយកតំបន់គ្រមៀ កាលពីឆ្នាំ២០១៤ មហាសន្និបាតបានអនុម័តសេចក្តីសម្រេចជា ផ្លូវការមួយថាការធ្វើប្រជាមតិណាមួយនឹងមិនមានសុពលភាពនោះទេ ប្រសិនបើមានការគាំទ្រ ១០០សំឡេង ទល់នឹង១១សំឡេងប្រឆាំង និង៥៨សំឡេងអនុប្បវាទ៕