(អាថែន)៖ ឆ្មាំសមុទ្ររបស់ប្រទេសក្រិក បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥នាក់ បានស្លាប់នៅពេលដែលទូករបស់ពួកគេបានលិច នៅកោះឡេសបូស (Lesbos) នាព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ដែលជាគ្រោះមហន្តរាយដែនសមុទ្រលើកទី២ ដែលពាក់ព័ន្ធនឹង ជនភៀសខ្លួន ចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះមក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។

បើតាមឆ្មាំសមុទ្រក្រិកដោយផ្អែកលើមនុស្ស ៥នាក់ដែលត្រូវបានជួយសង្គ្រោះ ទូកដឹកជនភៀសខ្លួនខាងលើដែលលិចនោះ បានដឹកមនុស្សប្រហែល ៤០នាក់ ។ រីឯទីភ្នាក់ងារជួយសង្រ្គោះបានឲ្យដឹងថា មានសាកសព១៥នាក់ ត្រូវបានរកឃើញ ហើយមនុស្ស ២០នាក់បាត់ខ្លួន។

មកទល់នឹងពេលនេះ កប៉ាល់ឆ្មាំសមុទ្រក្រិក និងឧទ្ធម្ភាគចក្រកងទ័ពអាកាស កំពុងធ្វើប្រតិបត្តិការស្រាវជ្រាវ និងជួយសង្គ្រោះ ខណៈខ្យល់បក់បោកខ្លាំង កើតមានក្នុងតំបន់នោះ។ ការស្វែងរកកំពុងត្រូវបានធ្វើឡើងនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ធំទូលាយនៃកោះ Lesbos ជាទីសម្រាប់ជនភៀសខ្លួនមួយ ចំនួនបានទៅដល់ច្រាំងសមុទ្រ។

គួរបញ្ជាក់ថា អាជ្ញាធរក្រិក កាលពីថ្ងៃពុធសប្ដាហ៍នេះ បានជួយសង្គ្រោះជនភៀសខ្លួនចំនួន៣០នាក់ បន្ទាប់ពីទូករបស់ពួកគេបានលិច ក្រោយបើកទៅ បុកនឹងថ្មនៅក្រោមសមុទ្រ ចំពេលមានព្យុះនៅជិតកោះគីធីរ៉ា (Kythira) ភាគខាងត្បូងប្រទេសក្រិក៕