(សេអ៊ូល)៖​ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ធ្លាក់ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន បន្ទាប់ពីទីក្រុងព្យុងយ៉ាងថ្កោលទោសសហរដ្ឋអាមេរិកជុំវិញការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការធ្វើ សមយុទ្ធយោធារួមគ្នា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។

យោធាកូរ៉េខាងត្បូង និងអាមេរិក ចាប់បានសញ្ញាពីការធ្វើតេស្ដមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់ ចេញពីតំបន់ សាំសុខ (Samsok) ស្ថិតនៅក្នុងរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ការបាញ់សាកល្បងមីស៊ីលនេះគឺជាការធ្វើតេស្ដលើកទី៦ ហើយ ក្នុងរយៈពេលមិនដល់ ២សប្ដាហ៍ផង ក្នុងរួមមានទាំងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដែលកូរ៉េខាងជើងបានរំលងប្រទេសជប៉ុន កាលពី ថ្ងៃអង្គារកន្លងទៅ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសកូរ៉េខាងជើង ការធ្វើតេស្ដមីស៊ីលពីសំណាក់យោធារបស់ខ្លួន គឺធ្វើឡើងជាការឆ្លើយតប ចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ខាង​យោធាជប៉ុន ក៏បានទទួលស្គាល់ពីការធ្វើតេស្ដមីស៊ីលទាំង២គ្រាប់ខាងលើផងដែរ ជាមួយការបញ្ជាក់ថាមីស៊ីលគ្រាប់ទី១ ហោះបានចម្ងាយ ៣៥០គីឡូម៉ែត្រ និងរយៈកម្ពស់ ១០០គីឡូម៉ែត្រ ខណៈមីស៊ីលគ្រាប់ទី២ បាញ់បានចម្ងាយ៨០០គីឡូម៉ែត្រ និងរយៈកម្ពស់ ៥០គីឡូម៉ែត្រ៕