(មូស្គូ)៖ ទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃពុធថា ខ្លួនគួរតែជាផ្នែកមួយ នៃក្រុមស៊ើបអង្កេតលើករណីលេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream បន្ទាប់ពីស៊ុយអែតបានបិទតំបន់ជុំវិញបំពង់បង្ហូរប្រេង ដើម្បីរង់ចាំការស៊ើបអង្កេត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៥ ខែតុលា​ ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសលោក Sergei Vershinin ថា «វាគួរតែមានការស៊ើបអង្កេត។ ពិតណាស់ជាមួយនឹងការចូលរួមរបស់រុស្ស៊ី»។

ការលេចធ្លាយចំនួន ៤ត្រូវបានរកឃើញកាលពីសប្តាហ៍មុន នៅលើបំពង់បង្ហូរ Nord Stream តភ្ជាប់ពីប្រទេសរុស្ស៊ីទៅអាល្លឺម៉ង់ ដោយបន្ថែមភាពតានតឹងផ្នែកនយោបាយរួចទៅហើយ ចាប់តាំងពីវិមានក្រឹមឡាំងបានបញ្ជូនទាហានទៅអ៊ុយក្រែនក្នុងខែកុម្ភៈ។

កាល​ពី​ថ្ងៃ​សុក្រកន្លងទៅ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បាន​បើក​កិច្ច​ប្រជុំ​មួយ​អំពី​បញ្ហា​នេះ។​ មតិទូទៅគឺថា ការលេចធ្លាយនេះគឺជាទង្វើបំផ្លិចបំផ្លាញ ហើយវាគួរតែត្រូវបានស៊ើបអង្កេត ប៉ុន្តែថាមិនមានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងលើការស៊ើបអង្កេតអន្តរជាតិឡើយ៕