(ញូវដែលី)៖ ប៉ូលិសបាននិយាយនៅថ្ងៃពុធ (ទី៥ ខែតុលា) ថា មនុស្ស១០នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់បន្ទាប់ពីការបាក់ផ្ទាំងទឹកកកបានវាយប្រហារអ្នកឡើងភ្នំនៅហិម៉ាឡៃប្រទេសឥណ្ឌា ខណៈសមាជិកបេសកកម្ម ១៨នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមនេះដែលមានសិក្ខាកាមឡើងភ្នំចំនួន ៣៤នាក់ និងគ្រូបង្រៀនចំនួន ០៧នាក់ បានជាប់នៅក្នុងផ្ទាំងទឹកកកនៅម៉ោង៨​ និង ៤៥នាទីព្រឹកម៉ោងក្នុងស្រុក។

កងកម្លាំងអាកាសឥណ្ឌា និងទីភ្នាក់ងារគ្រោះមហន្តរាយក្នុងតំបន់ បានខិតខំប្រឹងប្រែងជួយសង្គ្រោះ មុនពេលមានព្រិលធ្លាក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងទៅទៀត ប៉ុន្តែពួកគេត្រូវបង្ខំឲ្យបោះបង់ចោលការស្វែងរកពេញមួយយប់ ដោយសារព្រិលធ្លាក់ខ្លាំងពេក។

កងកម្លាំងប៉ូលីសរដ្ឋ Uttarakhand បាននិយាយនៅលើ Twitter បន្ទាប់ពីប្រតិបត្តិការបានបន្តឡើងវិញនៅពេលព្រឹកថា «ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន ១០នាក់»

រហូតមកដល់ពេលនេះ មានមនុស្ស ១៤នាក់ត្រូវបានជួយសង្គ្រោះ ពីកន្លែងនៃការធ្លាក់ព្រិលដែលមានកម្ពស់ប្រហែល ៤,៩០០ម៉ែត្រ (១៦,០០០ហ្វីត) ពីលើនីវ៉ូទឹកសមុទ្រ ហើយប៉ូលីសបាននិយាយថា ៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកនៅខេត្ត Uttarkashi៕