(អាស្តាណា)៖ អាជ្ញាធរកាហ្សាក់ស្ថាននាថ្ងៃពុធនេះ បានច្រានចោលការទាមទារមួយពីរុស្ស៉ី ដែលចង់ឱ្យពួកគេបណ្តេញឯកអគ្គរដ្ឋទូត របស់អ៊ុយក្រែនប្រចាំនៅកាហ្សាក់ស្ថាន ជុំវិញការធ្វើអត្ថាធិប្បាយកន្លងមក អំពីការសម្លាប់ជនជាតិរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍មួយកាលពីខែសីហាកន្លងទៅ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅកាហ្សាក់ស្ថាន លោក ផេត្រូ វីរូប្លេវស្គី (Petro Vrublevskiy) បាននិយាយដោយចង់សំដៅលើ សង្រ្គាមក្នុងប្រទេសអ៊ុយក្រែនថា «បើយើងសម្លាប់ជនជាតិរុស្ស៉ីបានកាន់តែច្រើន នាពេលនេះ នោះជនជាតិរុស្ស៉ីនឹងនៅសល់កាន់តែតិច ដែលកូនចៅយើងជំនាន់ក្រោយរបស់យើង ត្រូវសម្លាប់»

ទីក្រុងមូស្គូបានទាមទារថា កាហ្សាក់ស្ថានត្រូវតែបណ្តេញ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនរូបនោះចេញជាបន្ទាន់ ប៉ុន្តែផ្ទុយទៅវិញ ខាង​ទីក្រុងអាស្តាណា បានស្នើឱ្យទីក្រុងកៀវ តែងតាំងឯកអគ្គរដ្ឋទូតថ្មីជំនួសលោក វីរូប្លេវស្គី ក្រោមហេតុផលថា ការអត្ថាធិប្បាយរបស់​លោក គឺហាក់ពុំអាចទទួលយកបាននោះទេ សម្រាប់កាហ្សាក់ស្ថាន ដែលជាប្រទេសមួយមានជនជាតិរុស្ស៉ីរស់នៅច្រើន។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាការ៉ូវ៉ា (Maria Zakharova) បាននិយាយថា ទីក្រុងមូស្គូមានកំហឹងជាខ្លាំង ចំពោះការដែលមកទល់ពេលនេះ លោក វីរូប្លេវស្គី បន្តស្ថិតនៅទីក្រុងអាស្តាណាដដែល ហើយបានកោះហៅឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំប្រទេសរុស្ស៉ី ទៅសួរនាំថែមទៀត។

ចំណែកនៅថ្ងៃពុធនេះវិញ អ្នកនាំពាក្យក្រសួងការបរទេសកាហ្សាក់ស្ថាន លោក អាយបេក ស្មាឌីយ៉ារូវ (Aibek Smadiyarov) បានហៅសម្តីរបស់លោកស្រី ហ្សាការ៉ូវ៉ា ថា មិនសមស្របចំពោះទំនាក់ទំនង ក្នុងនាមជាដៃគូយុទ្ធសាស្រ្តស្មើភាពគ្នារវាងរុស្ស៉ី និងកាហ្សាក់ស្ថានឡើយ ហើយលោកបានបន្ថែមថា ជាលទ្ធផលឯកអគ្គរដ្ឋទូតរុស្ស៉ី នឹងត្រូវកោះហៅមកកាន់ក្រសួងការបរទេស​កាហ្សាក់ស្ថានវិញ។

ជាចុងក្រោយលោក ស្មាឌីយ៉ារូវ បានគូសបញ្ជាក់ថា លោក វីរូប្លេវស្គី នឹងចាកចេញពីប្រទេសកាហ្សាក់ស្ថាន នៅពេលឯកអគ្គរដ្ឋទូតអ៊ុយក្រែនថ្មី ចូលកាន់ការងារបន្តជាផ្លូវការ៕