(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាមេរិក បានរាយការណ៍ថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ចំនួនមនុស្សស្លាប់ បានកើនដល់យ៉ាងហោច១០៩នាក់ ក្នុងនោះ១០៥នាក់នៅរដ្ឋផ្លូរីដា (Florida) បន្ទាប់ពីការវាយប្រហាររបស់ព្យុះហឺរីខិនកំណាច អ៉ីយ៉ាន (Ian)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២។

បណ្តាញព័ត៌មានអាមេរិក CNN បានអះអាងថា គិតត្រឹមយប់ថ្ងៃអង្គារសប្តាហ៍នេះ អតិថិជនជាង៤០០,០០០នាក់ នៅក្នុងផ្លូរីដា កំពុងបន្តគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ ទោះជាច្រើនថ្ងៃបានកន្លងផុតទៅក៏ដោយ ក្រោយព្យុះហឺរីនខាងលើ បានបោកបក់ទៅ​ដល់ទីនោះ ក្នុងទម្រង់ជាព្យុះហឺរីខិនកម្រិតទី៤ ខណៈប្រជាជនជាច្រើននាក់ទៀត បានបាត់បង់ទីជម្រករបស់ពួកគេ។

ព្យុះហឺរីខិន អ៉ីយ៉ាន ក៏បានបង្កការខូចខាតធំធេងចំពោះសេដ្ឋកិច្ចផងដែរ ដោយយោងតាមការព្យាករ ការខូចខាតទ្រព្យសម្បត្តិក្នុង​រដ្ឋផ្លូរីដាគឺមានទំហំប្រហែលចន្លោះ៤៥-៦០ពាន់លានដុល្លារ។ ចំណែកកំណើនសេដ្ឋកិច្ចសម្រាប់ត្រីមាសទី៣ នៅរដ្ឋផ្លូរីដា ក៏ដូចជា​នៅរដ្ឋការ៉ូលីណាខាងត្បូង (South Carolina) ក៏ត្រូវបានរំពឹងថានឹងថយចុះផងដែរ។

គួរបញ្ជាក់ថា ព្យុះ អ៉ីយ៉ាន បានបោកបក់ទៅដល់ភាគនិរតីរដ្ឋផ្លូរីដា កាលពីថ្ងៃទី២៨ ខែកញ្ញា បន្ទាប់ពីវាបានវាយប្រហារលើប្រទេសគុយបា៕