(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីនៃប្រទេសដែនកោះសូឡូម៉ុន ក្នុងតំបន់ប៉ាស៉ីហ្វិក នឹងចេញទៅបំពេញទស្សនកិច្ចនៅអូស្រ្តាលី នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្របពេលដែលប្រទេសទាំងពីរ កំពុងព្យាយាមស្វែងរកការផ្សះផ្សារទំនាក់ទំនងគ្នាឡើងវិញ បន្ទាប់ពីសូឡូម៉ុនបានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន កាលពីខែមេសាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ទំនាក់ទំនងយើងជាមួយសូឡូម៉ុន គឺមានសារសំខាន់ជាខ្លាំង។ ខ្ញុំទន្ទឹងរង់ចាំធ្វើប្រាស្រ័យទាក់ទងជាមួយលោនាយករដ្ឋមន្រ្តី ម៉ាណាសេ សូហ្កាវ៉ារេ (Manasseh Sogavare) ដើម្បីកសាងតំបន់ប៉ាស៉ីហ្វិកដែលមានភាពរឹងមាំ និងវិបុលភាព ដោយឈរលើ​គោលការណ៍នៃតម្លាភាព ការគោរព និងភាពជាដៃគូ»

គួរបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងសន្តិសុខរវាងសូឡូម៉ុននិងចិន បានបង្កឱ្យមានក្តីបារម្ភជាខ្លាំងសម្រាប់ សហរដ្ឋអាមេរិកនិងអូស្រ្តាលី ដែលរាប់ទសវត្សរ៍មកហើយ បានចាត់ទុកតំបន់ប៉ាស៉ីហ្វិក ស្ថិតនៅក្រោមដែនឥទ្ធិពលរបស់ខ្លួន។ អូស្រ្តាលីគឺជាដៃគូអភិវឌ្ឍន៍ធំបំផុតរបស់សូឡូម៉ុន នៅក្នុងផ្នែកសុខាភិបាល យុត្តិធម៌ អប់រំ និងហេរដ្ឋារចនាសម្ព័ន្ធ ព្រមទាំងវិស័យផ្សេងៗទៀត។ កាលពីខែមុន ទីក្រុងកង់បេរ៉ាបានស្នើផ្តល់មូលនិធិ សម្រាប់ជួយរៀបចំការបោះឆ្នោតអាណត្តិក្រោយ ឱ្យសូឡូម៉ុន ប៉ុន្តែត្រូវបានសូឡូម៉ុនចោទអូស្រ្តាលីពីការជ្រៀតជ្រែក៕