(យូអិន)៖ សហរដ្ឋអាមេរិក បានស្នើឱ្យកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយ គ្រាប់ហោះរំលងប្រទេសជប៉ុន។ ប៉ុន្តែ ចិន និងរុស្ស៉ីត្រូវបានគេរាយការណ៍ថាបានជំទាស់ទៅនឹងកិច្ចពិភាក្សាជាសាធារណៈរបស់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ចំនួន១៥ ប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២។

ថ្លែងនៅលើសារមួយបង្ហោះលើ Twitter អគ្គរដ្ឋទូតអាមេរិកប្រចំា UN លោកស្រី លីនដា ថូម៉ាស់ ហ្រ្គីនហ្វៀល (Linda Thomas-Greenfield) បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែទប់ស្កាត់សមត្ថភាពរបស់កូរ៉េខាងជើង ដែលកំពុងបង្កើនការអភិវឌ្ឍកម្មវិធីមីស៊ីលផ្លោង និងអាវុធប្រល័យលោកដោយខុសបច្បាប់»។ ចក្រភពអង់គ្លេស បារាំង អាល់បានី ន័រវែស និងអៀរឡង់ បានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ។

ក៏ប៉ុន្តែ បើតាមប្រភពពីមន្ត្រី UN ចិន និងរុស្ស៉ីបានប្រាប់ទៅកាន់សមភាគីរបស់ខ្លួនថាពួកគេប្រឆាំងជំទាស់នឹងកិច្ចពិភាក្សាជាសាធារណៈរបស់ក្រុមប្រឹក្សាសន្តិសុខ ជាមួយការកត់សម្គាល់ថាប្រតិកម្មរបស់ក្រុមប្រឹក្សាសន្តិសុខគួរតែធ្វើឡើងក្នុងលក្ខណៈស្ថាបនា ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ ភ្លាមៗ គេមិនទាន់ដឹង ថាតើកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នឹងត្រូវធ្វើឡើងជាសាធារណៈ ឬបិទទ្វារនោះទេ។ តែអ្វីដែលគេដឹងច្បាស់ នោះគឺប្រហែលជាមិនមានចំណាត់ការម៉ឺងម៉ាត់ណាមួយ លើកូរ៉េខាងជើង ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខជាទីដែលរុស្ស៉ី និងចិនមានសិទ្ធិវេតូ នោះឡើយ។

គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម IRBM មួយគ្រាប់ហោះរំលងប្រទេសជប៉ុន ជាលើកដំបូងបំផុត ចាប់តាំងពីឆ្នាំ២០១៧។ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសការធ្វើតេស្ដមីស៊ីលនេះថាជាទង្វើដ៏គ្រោះថ្នាក់ និងគឃ្លើន ជាមួយការព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕