(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក​ ចូ បៃដិន ប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថាទីក្រុងវ៉ាស៊ីនតោននឹងផ្ដល់ជំនួយយោធាបន្ថែម មានទំហំទឹកប្រាក់ ៦២៥លានដុល្លារដល់ទីក្រុងកៀវ ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល HIMARS ក្នុងពេលដែលកងទ័ពអ៊ុយក្រែននៅតែបន្តភាពជឿនលឿនទៅមុខ ក្នុងការវាយបកលើកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានឱ្យដឹងថាលោក ចូ បៃដិន ធ្វើការសន្យាបែបនេះនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ បើតាមសេចក្ដីថ្លែងការណ៍នេះដដែល លោក បៃដិន ក៏បានសន្យាដែរថានឹងបន្តគាំទ្រអ៊ុយក្រែន នៅក្នុងការការពារ ខ្លួនប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី ដរាបណាសង្រ្គាមនៅតែបន្តកើតឡើង។ ចំណែកឯ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថាកញ្ចប់យោធាដែលនឹងផ្ដល់ឱ្យ អ៊ុយក្រែន ក្នុងនោះរួមមានប្រព័ន្ធមីស៊ីល HIMARS ៤គ្រឿង កាំភ្លើង Howitzers ៣២គ្រឿង ជាមួយគ្រាប់ ៧៥,០០០គ្រាប់ រថពាសដែកប្រភេទ MRAP ២០០គ្រឿង រួមទាំងឧបករណ៍ប្រឆាំងគ្រាប់មីន។

គួរបញ្ជាក់ថា ការប្រកាសផ្ដល់ជំនួយយោធាខាងលើនឹងធ្វើឱ្យការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ពីសំណាក់សហរដ្ឋអាមេរិក កើនដល់ជាង ១៦.៨ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕