(កៀវ)៖ ភាពក្រពុលមុខគ្នារវាងរុស្ស៊ី, អ៊ុយក្រែនជាមួយការគាំទ្ររបស់ប្រទេសលោកខាងលិច មិនមានភាគីណាមួយអាចមានឥទ្ធិពលក្នុងការធ្វើជា អ្នកសម្របសម្រួលបានឡើយ។ សូម្បីតែអង្គការសហប្រជាជាតិ ដែលជាអង្គការកំពូលរបស់ពិភពលោក ក៏មិនអាចធ្វើឱ្យសង្គ្រាមដែលឆាបឆេះ ប្រមាណជាង៧ខែមកនេះនឹងអាចរលត់បានដែរ។ លើសពីនេះ សង្គ្រាមបាននិងកំពុងធ្វើដំណើរឈានទៅកាន់ហាយនភាពពិភពលោកជាបន្ថែមទៀត នោះគឺក្តីបារម្ភនៃសង្គ្រាមនុយក្លេអ៊ែរ ដែលនឹងអាចឈានដល់សង្គ្រាមលោកលើកទី៣ នៃថ្លុកឈាមជីវិតនិងទឹកភ្នែកនៃពលរដ្ឋដែលស្លូតត្រង់ ដែលមិនជាប់ពាក់ព័ន្ធ។

នាពេលនេះ មហាសេដ្ឋីពិភពលោក Elon Musk និងសម្តេចសង្ឃ Pope Francis នៃកំពូលសង្ឃក្នុងទ្វីបអឺរ៉ុប បានលេចវត្តមានជាលើកដំបូងបង្អស់ ដើម្បីធ្វើការអំពាវនាវនិងការព្យាយាមរកដំណោះស្រាយសន្តិភាព បញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ យើងផ្តើមពីកិច្ចប្រឹងប្រែងរបស់មហាសេដ្ឋី ពិភពលោក Elon Musk។

មហាសេដ្ឋីពិភព លោក Elon Musk កំពុងស្វែងរកសន្តិភាពមួយចំពោះពិភពលោក ខណៈការសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងតែមានក្តីបារម្ភចំពោះ វិនាសកម្មរបស់ពិភពលោក នាអនាគតដ៏ខ្លីខាងមុខនេះ។ លោក Elon Musk គឺជាមហាសេដ្ឋីដែលមានទឹកប្រាក់ជិត២៥០ពាន់លានដុល្លារដែលមាន ប្រាក់ចាយវាយមិនអស់ ប៉ុន្តែលោកនឹងមិនអាចចាយប្រាក់ទាំងនោះបានស្រួលទេ បើសិនជាសង្គ្រាមលោកនឹងផ្ទុះឡើងមែននោះ។

លោក Elon Musk គឺជាប្រធាននៃបណ្តាក្រុមហ៊ុនមួយចំនួនលើពិភពលោក ក្នុងនោះរួមមាននាយកប្រតិបត្តិ និងជាប្រធានវិស្វករនៅ SpaceX; ប្រធាន វិនិយោគនិងនាយកប្រតិបត្តិក្រុមហ៊ុន Tesla, Inc.; ស្ថាបនិកនៃក្រុមហ៊ុន The Boring Company; និងជាសហស្ថាបនិកនៃក្រុមហ៊ុន Neuralink និង OpenAI។ ដើម្បីការស្វែងរកសន្តិភាពគ្រា ដែលពិភពលោកកំពុងស្ថិតក្នុងដំណើរទៅរកវិនាសកម្ម នៃសង្គ្រាមអាវុធនុយក្លេអ៊ែរនោះ លោក Elon Musk បានសរសេរធ្វើការស្ទង់មតិតាមប្រព័ន្ធ Twitter ដើម្បីរកការចង់ដឹងជុំវិញភាពថ្លឹងថ្លែងនៃគំនិតរបស់លោកដែលចង់បញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ប៉ុន្តែ បំណងរបស់លោកបានក្លាយជាការបង្កជម្លោះតាមអ៊ីនធឺណិត ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី នោះទៅវិញ។ នៅក្នុង ការសរសេរតាមប្រព័ន្ធបណ្តាញសង្គមជាផ្លូវការនោះ, លោក Musk បានស្នើឱ្យមានការបោះឆ្នោតគ្រប់គ្រងដោយអង្គការសហប្រជាជាតិ នៅក្នុងតំបន់ កាន់កាប់ចំនួន៤ គឺតំបន់ លូហានស៍, ដូណេតស៍, ហ្សាប៉ូរីហ្សៀ និងតំបន់ Kherson ដែលរដ្ឋាភិបាលក្រុងម៉ូស្គូ ទើបបាន​ធ្វើតាមអ្វីដែលបានចាត់ទុកថា ជាការបោះឆ្នោតប្រជាមតិនោះ។

ការធ្វើប្រជាមតិលើតំបន់ទាំង៤នោះ ត្រូវបានរដ្ឋាភិបាលក្រុងកៀវ និងប្រទេសលោកខាងលិចចាត់ទុកថាជាអំពើខុសច្បាប់ និងការបង្ខិតបង្ខំ។ លោក Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla បានសរសេរក្នុងកិច្ចប្រឹងប្រែង ជាឯកជនរបស់លោកក្នុងការស្វែងរកការបោះឆ្នោតគាំទ្រ និងមិនគាំទ្រ លើចំណុចដូចតទៅនេះ ពាក់ព័ន្ធនឹងការស្វែងរកសន្តិភាពដល់អ៊ុយក្រែន-រុស្ស៊ី។ ចំណុចទាំងនោះរួមមាន៖ លោកស្នើការបោះឆ្នោតសាឡើងវិញក្នុងតំបន់ រណបទាំង៤ក្រោម ការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ។

លោកស្នើទៀតថារុស្ស៊ីនឹងត្រូវចាកចេញពីទឹកដីទាំងនោះវិញ បើសិនជាឆន្ទៈរបស់ប្រជាជនក្នុងតំបន់នោះ។ ក្នុងចំណុចទី២លោកបានសរសេរ រកការបោះឆ្នោតថាតើមានការគាំទ្រដែរ ឬទេចំពោះតំបន់គ្រីមៀ ដែលគេស្គាល់ជាផ្លូវការថាជាទឹកដីរបស់រុស្ស៊ីនោះ? ក្នុងចំណុចទី៣ លោកស្នើរកការ ផ្គត់ផ្គង់ទឹកចំពោះតំបន់គ្រីមៀរដើម្បីបានទទួលនូវការធានា និងចំណុចទី៤ លោកបានសរសេរចង់ដឹងថាតើមានការគាំទ្រ ឬការប្រឆាំងដែរទេ ចំពោះការរក្សាប្រទេសអ៊ុយក្រែន ក្នុងភាពអព្យាក្រឹត។

ក្នុងចន្លោះស្ទង់មតិនៃបណ្តាញគេហទំព័រនោះ មានប្រឡោះចំនួន២ ដែលទុកឱ្យមានការសម្រេចបោះឆ្នោតបញ្ជាក់ការស្ទង់មតិ ជ្រើសរើសយក Yes ឬ No។ ប៉ុន្តែ ការស្ទង់មតិរបស់មហាសេដ្ឋីពិភពលោក ត្រូវគេរាយការណ៍បានធ្វើឱ្យការខឹងសម្បារពីពលរដ្ឋអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រតិកម្មតបជាមួយនឹងការស្ទង់មតិនោះ។ លោក Zelenskiy បានសរសេរមកវិញថា «តើអ្នកចូលចិត្ត @elonmusk មួយណាជាង?» លោក Zelenskiy ពេលនោះបានស្នើនូវចម្លើយតបចំនួនពីរមកវិញ គឺមួយចំពោះអ្នកដែលគាំទ្រអ៊ុយក្រែន និងមួយទៀតចំពោះ អ្នកគាំទ្ររុស្ស៊ី។

មន្ត្រីជំនួយការប្រធានាធិបតីអ៊ុយក្រែនលោក ម៉ៃខាយឡូ ប៉ូដូលីយ៉ាក (Mykhaylo Podolyak) បានសរសេរស្នើរកច្រើនចំណុចមកវិញ ក្នុងនោះរួមមាន ការស្នើឱ្យមាន «ផែនការសន្តិភាព ល្អប្រសើរជាងនេះ» ដែលស្ថិតនៅក្រោមការដែលអ៊ុយក្រែនបានយកមកវិញនូវទឹកដីរបស់ខ្លួន រួមទាំងតំបន់គ្រីមៀ។ លោកបានសរសេរស្នើទៀតថា ប្រទេសរុស្ស៊ីត្រូវតែរំសាយទាំងយោធា និងគ្មានអាវុធនុយក្លេអ៊ែរ និងថារុស្ស៊ីជា «ឧក្រិដ្ឋជនសង្គ្រាម» ដែលត្រូវប្រឈមមុខ នឹងតុលាការអន្តរជាតិ។ ចំណុចធ្វើអត្ថាធិប្បាយនៃសំណើនេះ ត្រូវគេចាត់ទុកថាមិនមែនជាដំណោះស្រាយនោះទេ ដោយសារតែមន្ត្រីអ៊ុយក្រែនមិនបាន ទុកផ្លូវសម្រាប់ឱ្យរុស្ស៊ីបានដើរផងនោះទេ។

នៅជាមួយគ្នានេះផងដែរ, ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអាល្លឺម៉ង់ លោក Andriy Melnyk បានប្រើសម្តីមិនសមរម្យដោយប្រើពាក្យ «Fuck off» ក្នុងការឆ្លើយតបការទូតរបស់លោកចំពោះចំណុចស្នើរបស់លោកមហាសេដ្ឋី Elon Musk ដែលព្យាយាមចង់រកសន្តិភាព បំបាត់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នោះថែមទៀត។ លោក Musk ក្រោយមានប្រតិកម្មតវ៉ា លោកបានធ្វើការសរសេរស្ទង់មតិមួយផ្សេងដោយនិយាយជម្រុញឱ្យមាន ការសាកល្បងម្តងទៀតសាជាថ្មី។ លោកបានសរសេរក្នុងចំណុចស្ទង់មតិបន្តថា «ឆន្ទៈរបស់មនុស្សដែលរស់នៅក្នុង Donbas និង Crimea គួរតែត្រូវសម្រេចចិត្តដោយខ្លួនឯងថាតើពួកគេគឺជាផ្នែកមួយនៃប្រទេសរុស្ស៊ីឬពួកគេជាផ្នែកមួយនៃទឹកដីអ៊ុយ ក្រែន»

លោកមហាសេដ្ឋី Musk បានសរសេរបន្តថាលោកមិនខ្វល់ថាកិច្ចប្រឹងប្រែងរបស់លោកនោះ នឹងទទួលបានការរិះគន់យ៉ាងណានោះទេ។ លោកបានថ្លែង សង្កត់ធ្ងន់ថាអ្វីដែលលោកបានយកចិត្តទុកដាក់នោះគឺ «មនុស្សរាប់លាននាក់អាចស្លាប់ដែលគ្មានប្រយោជន៍អ្វីទាំងអស់ ចំពោះលទ្ធផលដែល ដូចគ្នាបេះបិទ»។ មុននឹងការសាកល្បងដាក់ចំណុចខ្លះដើម្បីរកដំណោះស្រាយបញ្ចប់សង្គ្រាមនោះ, ព្រះសង្ឃ កំពូលមួយអង្គក្នុងទ្វីបអឺរ៉ុប ក៏បានមានបន្ទូល អំពាវនាវរកការបញ្ចប់សង្គ្រាមនោះផងដែរ។

សម្តេច Pope Francis ប៉ាប Francis បានអំពាវនាវដោយផ្ទាល់ជាលើកដំបូងទៅមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនដើម្បីការបញ្ចប់សង្គ្រាម និងការចាប់ផ្តើម រកសន្តិភាពសាឡើងវិញ។ សម្តេច Pope Francis ប្រសូតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៣៦ គឺជាមេដឹកនាំសង្ឃកំពូលនៃទីក្រុង រ៉ូម និងជាអ្នកដឹកនាំ សាសនាព្រះវិហាររ៉ូម៉ាំងកាតូលិកចាប់តាំងពីឆ្នាំ២០១៣នោះមក។ សម្តេច Pope Francis គឺជាព្រះសង្ឃថ្នាក់កំពូលបំផុតដែលមាន ការគោរពពីពលរដ្ឋក្នុងទ្វីបអឺរ៉ុប។

សម្តេច Pope Francis ក្នុងព្រះរាជបន្ទូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានថ្កោលទោសចំពោះការបញ្ចូលតំបន់ចំនួនបួននៃអ៊ុយក្រែនជាតំបន់រណប ក្នុងទឹកដីរុស្ស៊ី។ ព្រះអង្គមានបន្ទូល ក្នុងសុន្ទរកថាមួយឧទ្ទិសដល់អ៊ុយក្រែន នៅក្នុងទីលាន Saint Peter's ក្នុងក្រុងរ៉ូមនៃតំបន់វ៉ាទីកង់ថា វាជាអំពើ ប្រថុយប្រថានណាស់ចំពោះការធ្វើឱ្យមានសង្គ្រាមនៃអាវុធនុយក្លេអ៊ែរ។ ព្រះអង្គបានជំរុញឱ្យលោកពូទីនត្រូវគិតអំពីជីវិតរបស់ប្រជាជនរបស់រុស្ស៊ី។

សម្តេច Pope Francis បានមានបន្ទូលបន្តទៀតថា «ការអំពាវនាវរបស់ព្រះអង្គ គឺសំខាន់ជាងគេសំដៅ ទៅប្រធានាធិបតីសហព័ន្ធរុស្ស៊ីដោយក្តីអង្វរកសូមឱ្យបញ្ឈប់ការរីករាលដាលនៃអំពើហឹង្សានិងការស្លាប់នេះ សូម្បីតែទង្វើនោះបានដើរហួសពីការស្រឡាញ់ប្រជាជនរុស្ស៊ីក៏ដោយ»

សម្តេច Pope Francis នៅបានអំពាវនាវឱ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy សូមពិចារណាលើសំណើដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា នោះផងដែរ។ ស្តេចសង្ឃក្នុងទ្វីបអឺរ៉ុបបានមានបន្ទូលថា ព្រះអង្គសូមធ្វើការអំពាវនាវដោយក្តីសង្ឃឹម ស្មើៗគ្នាទៅកាន់ប្រធានាធិបតីអ៊ុយក្រែនដើម្បីឱ្យ បើកចំហចំពោះសំណើសន្តិភាពដ៏ធ្ងន់ធ្ងរ។ សម្តេច Pope Francis បានមានបន្ទូលតាមប្រព័ន្ធបណ្តាញសង្គមប្រាប់លោក ហ្សេលេនស្គី និងលោក វ្លាឌីមៀ ពូទីន ទៀតថាសូមឱ្យការចរចាចាប់ផ្តើមដើម្បីឈានរកដំណោះស្រាយ ដែលនឹងមិនប្រើកម្លាំង ប៉ុន្តែលើការយល់ព្រមស្របគ្នា, ការរកយុត្តិធម៌ និងស្ថិរភាព ដោយផ្អែកលើការគោរពជីវិតមនុស្ស និងគោរពបូរណភាពនិងដែនអធិបតេយ្យភាពទឹកដីនៃប្រទេសនីមួយៗ និងសិទ្ធិនៃពលរដ្ឋភាគតិច។

កិច្ចប្រឹងប្រែងរបស់ព្រះសង្ឃថ្នាក់កំពូលក្នុងទ្វីបអឺរ៉ុប និងមហាសេដ្ឋីកំពូលពិភពលោក ដើម្បីរកការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននេះ បើទោះបីជា មិនសូវមានសង្ឃឹមក៏ដោយ ប៉ុន្តែក៏អាចជាការបង្ហាញនូវទឹកចិត្តជាចុងក្រោយមួយដែលបញ្ជាក់ថាបើសិនជាសង្គ្រាមរបស់ពិភពលោកថ្មីមួយ នឹងកើតឡើង មែននោះ គឺគេបានរកវិធីសព្វគ្រប់អស់ហើយក្នុងការជួយពន្យល់ដល់រុស្ស៊ី, អ៊ុយក្រែន និងប្រទេសដែលជាប់ពាក់ព័ន្ធទាំងឡាយនោះ៕