(សេអ៊ូល)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ឯកសារមួយរបស់យោធាកូរ៉េខាងត្បូងបានបង្ហាញថា ក្រុមយន្តហោះយោធាចិនក៏ដូចជារុស្ស៉ី ចំនួនរាប់សិបគ្រឿង បានហោះទន្ទ្រានចូលមកក្នុង តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ឬហៅកាត់ថា KADIZ របស់ប្រទេសកូរ៉េខាងត្បូងជាច្រើនលើក កាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។

ក្នុងឯកសារផ្ញើទៅកាន់រដ្ឋសភាកូរ៉េខាងត្បូង ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ក្នុងនោះ ក្រុមយន្តហោះយោធាចិន បានចូលក្នុងតំបន់ KADIZ ជាង៧០លើកកាលពីឆ្នាំមុន ដែលប្រហាក់ប្រហែលគ្នា ទៅនឹងឆ្នាំ២០២០ដែរ។ រីឯយន្តហោះយោធារុស្ស៉ី គឺបានទន្ទ្រានចូលក្នុង KADIZ របស់កូរ៉េខាងត្បូងលើស១០ដង ចាប់តាំងតែពីឆ្នាំ២០១៧មក ហើយបានហួស២០ដង កាលពីឆ្នាំ២០១៩។

គួរបញ្ជាក់ថា តំបន់កំណត់អត្តសញ្ញាការពារអាកាស គឺខុសគ្នាពីដែនអាកាសនៃប្រទេសនីមួយៗ ខណៈតំបន់នេះ គឺត្រូវបានគូសវាសឡើង សម្រាប់ការស្នើសុំឱ្យយន្តហោះបរទេស បង្ហាញពីអត្តសញ្ញាណរបស់ខ្លួន ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ដោយអចេតនាណាមួយ៕