(កៀវ)៖ កងកម្លាំងអ៊ុយក្រែន បានវាយទម្លុះខ្សែការពាររបស់រុស្ស៊ីនៅឯភាគខាងត្បូងប្រទេស ព្រមជាមួយនឹងការពង្រីកការវាយលុកយ៉ាងឆាប់រហ័សនៅភាគខាងកើត ដោយដណ្តើមបានមកវិញបន្ថែមទៀតនូវទឹកដី នៃតំបន់ដែលកាន់កាប់ដោយទីក្រុងម៉ូស្គូ និងគំរាមកំហែងដល់ខ្សែផ្គត់ផ្គង់សម្រាប់កងទ័ពរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។

មន្ត្រីអ៊ុយក្រែន និងមេដឹកនាំដែលរុស្ស៊ីលើកបន្តុបនៅក្នុងតំបន់នោះ បាននិយាយថា ការវិវត្តន៍ទៅមុខនៅភាគខាងត្បូងនេះ បានធ្វើឲ្យកងកម្លាំងអ៊ុយក្រែនដណ្តើមយកបានភូមិជាច្រើនឡើងវិញ ដែលស្ថិតនៅតាមបណ្តោយដងទន្លេឌីនីប្រូ (Dnipro) ជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់រុស្ស៉ី កាលពីថ្ងៃថ្ងៃចន្ទសប្តាហ៍នេះ។

ក្នុងសុន្ទរកថាតាមរយៈវីដេអូ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ថា «មជ្ឈមណ្ឌលប្រជាជនថ្មីដែលណែនាំដោយរុស្ស៉ីនៅក្នុងតំបន់ជាច្រើន ត្រូវបានរំដោះយកមកវិញ។ ហើយការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរកំពុងបន្តលើខ្សែត្រៀមជួរមុខរបស់រុស្ស៉ីផ្សេងទៀត»

គួរបញ្ជាក់ថា បច្ចុប្បននេះ ប្រតិបត្តិការរបស់កងកម្លាំងអ៊ុយក្រែន មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅតំបន់ចំនួន២ ក្នុងចំណោមតំបន់ចំនួន៤ដែលកាន់កាប់ដោយរុស្ស៊ី ហើយទីក្រុងម៉ូស្គូទើបនឹងបានធ្វើពិធីកាត់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន កាលពីសប្តាហ៍មុន។ ការវិវត្តន៍ថ្មីនេះ ឆ្លុះបញ្ចាំងពីភាពជឿនលឿនរបស់អ៊ុយក្រែន ទោះបីជាទីក្រុងម៉ូស្គូកំពុងព្យាយាមបង្កើនដំណើរការកាត់បញ្ចូលទឹកដី ការចល័តទ័ព និងការគំរាមកំហែងសងសឹកដោយនុយក្លេអ៊ែរក៏ដោយ៕