(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់ម្នាក់នៃមន្ទីរបញ្ចកោណ បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា កងកម្លាំងអ៊ុយក្រែនកំពុងស្ថិតនៅលើផ្លូវ ដើម្បីសម្រេចបាននូវ គោលដៅសមរភូមិសំខាន់ៗមួយចំនួន ខណៈទីក្រុងកៀវ កំពុងពង្រឹងជំហរយោធារបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី នៅមុនរដូវរងាចូលមកដល់។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។

ការវាយតម្លៃខាងលើនេះធ្វើឡើងដោយលោកស្រី សេលេស វ៉ាឡេនឌឺ (Celeste Wallander) ជំនួយការរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកកិច្ចការសន្តិសុខ អន្តរជាតិ ចំពេលដែលកងកម្លាំងអ៊ុយក្រែន កំពុងរីកចម្រើនទៅមុខនៅក្នុងសមរភូមិនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេស ដោយបានវាយរុលទៅមុខយ៉ាងលឿន តាមដងទន្លេឌីនីប្រូ (Dnipro)។

លោកស្រី វ៉ាឡេឌឺ បានប្រាប់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន យ៉ាងដូច្នេះថា «អ៊ុយក្រែនហាក់ដូចជាស្ថិតនៅលើ ផ្លូវដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្ត ទាំង៣របស់ខ្លួនក្នុងពេលនេះ។ ការវាយដណ្តើបានមកវិញនូវទីក្រុង Lyman របស់អ៊ុយក្រែននឹងធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់សមត្ថភាពរបស់រុស្ស៊ីក្នុងការផ្គត់ផ្គង់, ការស្តារសមត្ថភាពឡើងវិញ និងផ្លាស់ទីកងកម្លាំងទាំងអស់នៅតាមខ្សែបន្ទាត់នៃជម្លោះនោះ»

គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់កងកម្លាំងអ៊ុយក្រែន កំពុងដំណើរការទៅមុខក្នុងតំបន់ភាគខាងត្បូងនៃតំបន់ខឺសុន (Kherson) ដែលរួមមានជោគជ័យថ្មីៗនៅទីក្រុងខាកៀវ (Kharkiv) និងតំបន់ដូណេត (Donetsk)។ កាលពីថ្ងៃសុក្រសប្តាហ៍មុន អ៊ុយក្រែនបានដណ្តើមយកមកវិញ នូវទីក្រុង Lyman ដែលជាបន្ទាយដ៏សំខាន់របស់រុស្ស៊ីនៅភាគខាងជើងតំបន់ដូណេតនោះ បានបើកផ្លូវអ៊ុយក្រែនឈានចូលជ្រៅទៅក្នុងតំបន់លូហាន់ ដែលជា ផ្លូវផ្គត់ផ្គង់សំខាន់ៗទៅកាន់ទឹកដីដែលក្រុងមូស្គូ បានដណ្ដើមគ្រប់គ្រងកាលពីខែមិថុនា និងកក្កដា៕