(វ៉ាស៉ីនតោន)៖ សេតវិមានបានប្រកាសថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានជួបពិភាក្សាដាច់ដោយឡែកជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន អំពីការបាញ់មីស៉ីលរបស់កូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។

អ្នកនាំពាក្យសន្តិសុខជាតិ លោកស្រី អេឌ្រីយែន វ៉ាតសុន (Adrienne Watson) បានឲ្យដឹងថា ក្នុងកិច្ចពិភាក្សាទាំងពីរខាងលើនេះ លោក ស៊ូលីវ៉ាន់ បានពិគ្រោះយោបល់លើការឆ្លើយតបរួមគ្នា និងជាអន្តរជាតិដ៏សមស្របហើយរឹងមាំ។ ជាមួយគ្នានេះ លោកទីប្រឹក្សាសន្តិសុខជាតិ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការការពារប្រទេសជប៉ុន និងកូរ៉េខាងត្បូង ផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ហោះរំលងប្រទេសជប៉ុន ជាលើកដំបូងក្នុងរយៈពេលជាង៥ឆ្នាំមកនេះ។ ភ្លាមៗនោះដែរ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ុកាហ្សូ ហាម៉ាដា (Yasukazu Hamada) បាននិយាយថាជប៉ុននឹងពិចារណា ក៏ដូចជាត្រួតពិនិត្យលើជម្រើសទាំងអស់ក្នុងនោះរួមមានទាំងសមត្ថភាពវាយបកជាដើម។ ដោយឡែក ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះផងដែរ៕