(វ៉ាស៊ីនតោន)៖​ កញ្ចប់ជំនួយយោធាបន្ថែមរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់អ៊ុយក្រែនត្រូវបានគេរំពឹងថានឹងរួមបញ្ចូលទាំងប្រព័ន្ធ មីស៊ីល HIMARS ៤គ្រឿង គ្រាប់រំសេវ និងគ្រាប់មីន ដែលមានទំហំទឹកប្រាក់ ៦២៥លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុម​មន្ត្រីអាមេរិក ដែលបានបញ្ជាក់ថាកញ្ចប់យោធា ថ្មីខាងលើនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ ឬអាចនៅថ្ងៃអង្គារសប្ដាហ៍នេះតែម្ដង ហើយវាអាចនឹងក្លាយជាកញ្ចប់យោធាលើកដំបូងរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ចាប់តាំងពីលោក ពូទីន កាត់យកទឹកដីនៃតំ​បន់ចំនួន៤ របស់អ៊ុយក្រែនបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ីកាលពីថ្ងៃសុក្រសប្ដាហ៍មុនមក។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសពីកញ្ចប់ជំនួយយោធាទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំង ប្រព័ន្ធមីស៊ីល HIMARS ១៨គ្រឿង រួមជាមួយគ្រាប់រំសេវ ប្រព័ន្ធរ៉ាដា និងប្រព័ន្ធប្រឆាំងយន្ដហោះដ្រូនផងដែរ៕