(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅថ្ងៃអង្គារនេះបានព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹង កូរ៉េខាងជើង ដែលបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមមួយគ្រាប់ ហោះរំលងប្រទេសជប៉ុនជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។

ការព្រមានខាងលើរបស់លោក យូន ស៊ុលយុល ធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មាន បន្ទាប់ពីយោធាកូរ៉េខាងត្បូងអះអាងថាខ្លួនចាប់បានសញ្ញាមីស៊ីលមួយ គ្រាប់ហោះរំលងប្រទេសជប៉ុន។ លោក យូន បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមមួយគ្រាប់ ដែលហោះបានចម្ងាយ ៤,០០០គីឡូម៉ែត្រ និងរំលងប្រទេសជប៉ុន។ ដូចដែលខ្ញុំធ្លាប់បានលើកឡើងក្នុងថ្ងៃទិវាកងកម្លាំងប្រដាប់អាវុធកាលពីថ្ងៃទី១ ខែតុលា ទង្វើបង្កហេតុបែបនេះត្រូវ ទទួលរងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីយោធារបស់យើង និងសម្ព័ន្ធមិត្តរបស់យើង ព្រមទាំងសហគមន៍អន្តរជាតិ»។ លោក យូន បន្ថែមទៀតថា កូរ៉េខាងត្បូង នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក៏ដូចជាសហគមន៍អន្តរជាតិក្នុងការចាត់វិធានការឆ្លើយតបទៅនឹងទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា មីស៊ីលផ្លោងដែលកូរ៉េខាងជើង បានបាញ់សាកល្បងនេះត្រូវបានយោធាជប៉ុនបញ្ជាក់ថាអាចហោះបានចម្ងាយ ៤,៦០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ១,០០០ គីឡូម៉ែត្រ។ ចំណែកឯ យោធាកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថាកូរ៉េខាងជើងពិតជាបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ឬ IRBM មួយគ្រាប់ ដោយ បាញ់ចេញពីខេត្ត ចាហ្កាំង (Jagang) របស់កូរ៉េខាងជើង៕