(តូក្យូ)៖ នាយរដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា​ ហ្វូមីអុ នៅថ្ងៃអង្គារនេះបានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលផ្លោងមួយគ្រាប់ហោះរំលង ប្រទេសជប៉ុន ដោយចាត់ទុកថាការបាញ់មីស៊ីលនេះជា «អាកប្បកិរិយាហិង្សា»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។

កូរ៉េខាងជើង នៅថ្ងៃអង្គារនេះបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ហោះរំលងប្រទេសជប៉ុន ដោយជំរុញអាជ្ញាធរព្រមានប្រជាជននៅក្នុងតំបន់រត់រកកន្លែងមាន សុវត្ថិភាព និងបានផ្អាកប្រតិបត្តិការស្ថានីយរថភ្លើងនៅប៉ែកខាងជើងនៃប្រទេស។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក គីស៊ីដា ចាត់ទុកថាការបាញ់មីស៊ីលនេះជា «អាកប្បកិរិយាហិង្សា» ជាមួយការគូសបញ្ជាក់ដូច្នេះថា «មីស៊ីលផ្លោងមួយគ្រាប់ត្រូវបានគេជឿជាក់ថាបានហោះរំលងប្រទេសរបស់យើង និងបានធ្លាក់ចូលក្នុង មហាសមុទ្រប៉ាស៊ីហ្វិក។ នេះជាអាកប្បកិរិយាហិង្សា បន្ទាប់ពីការធ្វើតេស្ដមីស៊ីលផ្លោងជាបន្តបន្ទាប់ ហើយយើងពិតជាថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើមួយ នេះ»

គួរបញ្ជាក់ថា យោធាជប៉ុនមិនបានចាត់វិធានការ ឬប្រើប្រព័ន្ធការពារដែនអាកាសបំផ្លាញមីស៊ីលរបស់កូរ៉េខាងជើងឡើយ ដែលជាការបាញ់មីស៊ីលរំលងប្រទេស ជប៉ុន លើកដំបូងបំផុតដោយទីក្រុងព្យុងយ៉ាងចាប់តាំងពីឆ្នាំ២០១៧មក។

មីស៊ីលផ្លោងដែលកូរ៉េខាងជើង បានបាញ់សាកល្បងនេះត្រូវបានយោធាជប៉ុនបញ្ជាក់ថាអាចហោះបានចម្ងាយ ៤,៦០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ១,០០០ គីឡូម៉ែត្រ។ ចំណែកឯ យោធាកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថាកូរ៉េខាងជើងពិតជាបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ឬ IRBM មួយគ្រាប់ ដោយ បាញ់ចេញពីខេត្ត ចាហ្កាំង (Jagang) របស់កូរ៉េខាងជើង៕