(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ហោះរំលងប្រទេសជប៉ុន ជាលើកដំបូងក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ដោយ ជំរុញឱ្យរដ្ឋាភិបាលព្រមានដល់ប្រជាជនរត់រកកន្លែងមានសុវត្ថិភាព ព្រមទាំងផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ននៅប៉ែកភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២។

រដ្ឋាភិបាលជប៉ុន បានព្រមានប្រជាជននៅក្នុងតំបន់ រត់រកកន្លែងមានសុវត្ថិភាព ខណៈមីស៊ីលមួយគ្រាប់បានហោះរំលងឆ្លងកាត់ទឹកដីរបស់ខ្លួន មុននឹងធ្លាក់ ចូលមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែ ព្រមពេលជាមួយគ្នា យោធាជប៉ុនមិនបានចាត់វិធានការ ឬប្រើប្រព័ន្ធការពារដែនអាកាសបំផ្លាញមីស៊ីលនេះឡើយ ដែល ជាការបាញ់មីស៊ីលរំលងប្រទេសជប៉ុន លើកដំបូងបំផុតដោយកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០១៧មក។

មីស៊ីលផ្លោងដែលកូរ៉េខាងជើង បានបាញ់សាកល្បងនេះត្រូវបានយោធាជប៉ុនបញ្ជាក់ថាអាចហោះបានចម្ងាយ ៤,៦០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ១,០០០ គីឡូម៉ែត្រ។ ចំណែកឯ យោធាកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថាកូរ៉េខាងជើងពិតជាបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ឬ IRBM មួយគ្រាប់ ដោយ បាញ់ចេញពីខេត្ត ចាហ្កាំង (Jagang) របស់កូរ៉េខាងជើង៕