(ឌូបៃ)៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់កងកម្លាំងសន្តិសុខ ដែលប្រឈមមុខនឹងការតវ៉ាដែលឆាបឆេះ ដោយការស្លាប់របស់កញ្ញា Mahsa Amini នៅក្នុងមន្ទីរឃុំឃាំង ដែលជាការអត្ថាធិប្បាយដែលអាចបង្ហាញពីការបង្រ្កាបដ៏តឹងរ៉ឹង ដើម្បីលុបបំបាត់ភាពចលាចលជាងពីរសប្តាហ៍ចាប់តាំងពីនាងបានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាដំបូងរបស់លោក ដែលនិយាយអំពីការស្លាប់របស់ស្ត្រីអាយុ ២២ឆ្នាំ​ បន្ទាប់ពីត្រូវបានឃាត់ខ្លួនពីបទស្លៀកពាក់ ដែលចាត់ទុកថាមិនមែនជាសាសនាអ៊ីស្លាម លោក Ayatollah Ali Khamenei បាននិយាយថា ការស្លាប់របស់នាង «បានធ្វើឱ្យខូចចិត្តរបស់ខ្ញុំយ៉ាងខ្លាំង» ហើយបានហៅវាថាជា «ឧប្បត្តិហេតុដ៏ជូរចត់ដែលបង្កឡើងដោយសត្រូវរបស់អ៊ីរ៉ង់»

លោក Khamenei បាននិយាយថា «កាតព្វកិច្ចរបស់កងកម្លាំងសន្តិសុខរបស់យើង រួមទាំងប៉ូលីសគឺធានាសុវត្ថិភាពរបស់ប្រទេសអ៊ីរ៉ង់ ... អ្នកដែលវាយប្រហារប៉ូលីស​​ កំពុងធ្វើឱ្យពលរដ្ឋអ៊ីរ៉ង់គ្មានអ្នកការពារប្រឆាំងនឹងចោរ និងពួកជំរិតទា»

គួរបញ្ជាក់ថា បើយោងតាមក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា​ កងកម្លាំងសន្តិសុខ រួមទាំងប៉ូលិស និងកងជីវពលស្ម័គ្រចិត្ត Basij បានដឹកនាំការបង្រ្កាបលើការតវ៉ា ដោយមានការចាប់ខ្លួនរាប់ពាន់នាក់ និងរាប់រយនាក់រងរបួស ដោយក្នុងនោះមានមនុស្សស្លាប់រហូតដល់ជាង ១៣០នាក់៕