(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងជំទាវទី១ លោកស្រី ជាល បៃដិន ធ្វើដំណើរទៅកាន់តំបន់ ព័រតូរីកូ (Puerto Rico) ដែលជាដែនដីអាមេរិកនៅតំបន់សមុទ្រការីបង់ នាថ្ងៃចន្ទនេះ ដើម្បីពិនិត្យលើការខូចខាត ដែលបណ្តាលមកពីព្យុះហឺរីខេន ហ្វីអូណា (Fiona) ក៏ដូចជាដើម្បីបង្ហាញការគាំទ្រដល់ ប្រជាជននៅដែនដីកោះនេះ ដែលកំពុងព្យាយាមស្តារជីវភាពឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។

លោក បៃដិន បានសន្យាគាំទ្រយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះព័រតូរីកូ ក៏ដូចជារដ្ឋផ្លូរីដា (Florida) និងរដ្ឋការ៉ូលីណាខាងត្បូង (South Carolina) ដែលបានទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លាផងដែរ នាពេលថ្មីៗនេះ ដោយព្យុះហឺរីខិនមួយទៀតឈ្មោះថា អ៉ីយ៉ាន (Ian)។ នៅថ្ងៃពុធសប្តាហ៍នេះ លោក បៃដិន ក៏គ្រោងនឹងធ្វើដំណើរទៅកាន់រដ្ឋផ្លូរីដា ដែរ។

ថ្លែងក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងវ៉ាស៉ីនតោន កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន លោក បៃដិន បានគូសបញ្ជាក់ថា «ខ្ញុំសូមសម្តែងដោយស្មោះត្រង់ ដើម្បីបញ្ជាក់ឲ្យបានច្បាស់, ពិតណាស់ភាពធ្ងន់ធ្ងរនៃការបំផ្លិចបំផ្លាញ ដោយសារព្យុះហឹរីខិន និងខ្យល់ព្យុះបោកបក់ នៅព័រតូរីកូ, រដ្ឋផ្លរីដា និងរដ្ឋការ៉ូលីណាខាងត្បូង។ យើងជំពាក់ព័រតូរីកូច្រើនជាងអ្វីដែលពួកគេ ទទួលបានរួចមកហើយនោះ»

គួរបញ្ជាក់ថា សម្រាប់អ្នកស្រុកដែលរងគ្រោះដោយព្យុះនៅរដ្ឋផ្លូរីដានិងរដ្ឋការ៉ូលីណា គឺពួកគេកំពុងប្រឈមនឹងកិច្ចប្រឹងប្រែងស្តារគ្រោះមហន្តរាយ ដែលរំពឹងថានឹងចំណាយប្រាក់រាប់សិបពាន់លានដុល្លារ។ កាលពីសប្តាហ៍មុន រដ្ឋបាលរបស់លោក បៃដិន បានផ្តល់ការលើកលែងមួយ នៃច្បាប់ដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយតម្រូវការថាមពលចាំបាច់បន្ទាន់ របស់ដែនដីព័រតូរីកូ៕