(កៀវ)៖ ភាពប្រឈមឈានទៅរកការផ្ទុះសង្គ្រាមនុយក្លេអ៊ែរនាតំបន់អឺរ៉ុប នៅតែមិនមានភាពធូរស្រាលនោះឡើយ។ ការវាយប្រហារគ្នាក្នុងតំបន់ដែលទើបធ្វើប្រជាមតិរួចនៅតែបន្តបើទោះបី មានការព្រមានប្រើអាវុធនុយក្លេអ៊ែរ, ប្រទេសអ៊ុយក្រែនក្នុងការសងសឹក បានស្នើរកការចូល ជាអង្គការណាតូវិញ ខណៈដែលអតីតប្រធានាធិបតីរុស្ស៊ីលោកឌីមីទ្រី ម៉េដវីដេវ បានថ្លែងថា ទង្វីនោះ គឺជាការជម្រុញឱ្យមានសង្គ្រាមលោកលើកទី៣ហើយ។

ការវាយប្រហារគ្នាលើទឹកដី ដែលរុស្ស៊ីបានធ្វើប្រជាមតិរួចកន្លងមកនេះ នៅតែបន្តខណៈដែល សភារុស្ស៊ីទាំង២ថ្នាក់ កំពុងរៀបចំផ្លូវច្បាប់នៃដំណាក់កាល ចុងក្រោយរបស់ខ្លួនដើម្បីដាក់ បញ្ចូលទឹកដីធ្វើប្រជាមតិនាភាគខាងកើតអ៊ុយក្រែន ជាទឹកដីស្របច្បាប់របស់រុស្ស៊ី។ តំបន់ធ្វើប្រជាមតិចំនួនបួន គឺ Donetsk, Luhansk, Kherson និង Zaporizhia ត្រូវបានគេធ្វើប្រជាមតិ រវាងពីថ្ងៃទី២៣ដល់២៧កញ្ញាឆ្នាំ២០២២, និងរហូតដល់ថ្ងៃទី៣០កញ្ញាឆ្នាំ២០២២, មេដឹកនាំរុស្ស៊ី លោកវ្លាឌីមៀរពូទីន បានប្រកាសទទួលស្គាល់តំបន់ទាំង៤ ជាតំបន់នៃទឹកដីគ្រប់គ្រងរបស់រុស្ស៊ី ជាមួយការប្តេជ្ញាការពារទឹកដីទាំងនោះ គ្រប់មធ្យោបាយនានាទាំងអស់រួមទាំងការប្រើអាវុធប្រ ល័យលោកផង បន្ទាប់ពីក្លាយជាទឹកដីស្របច្បាប់រួច។

ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិច បានប្រកាសថ្កោលទោសការ ធ្វើប្រជាមតិទាំងនោះ និងចាត់ទុកថាជាទង្វើក្លែងបន្លំ ដែលនឹងមិនមានការទទួលស្គាល់ឡើយ ប៉ុន្តែរុស្ស៊ីនៅតែបន្តទង្វើរបស់ខ្លួន។ យោងតាមច្បាប់របស់រុស្ស៊ី ទឹកដីរណបទាំង៤ នឹងក្លាយជាទឹកដីអាច មានលក្ខណៈស្របច្បាប់ពេញលេញបាន លុះត្រាណាមានការគាំទ្រទាំងស្រុងថែមទៀតពី សភាទាំង២ថ្នាក់របស់ខ្លួន។ ប្រធានសភាជាន់ទាបរបស់រុស្ស៊ី លោកវីយ៉ាឆេស្លាវ វ៉ូឡូឌីន Vyacheslav Volodin បានថ្លែង ប្រាប់ទីភ្នាក់ងារ RIA Novosti របស់រុស្ស៊ីថា សភារុស្ស៊ីនឹងពិចារណាសន្ធិសញ្ញាលើច្បាប់និង ការផ្តល់សច្ចាប័ននៅថ្ងៃច័ន្ទទី៣តុលានេះ ដើម្បីបញ្ចូលតំបន់ចំនួន៤ ដែលទើបបានធ្វើប្រជាមតិរួចរាល់មកនេះ ឱ្យក្លាយជាទឹកដីស្របច្បាប់របស់រុស្ស៊ី។

ប្រទេសលោកខាងលិច និងរដ្ឋាភិបាលក្រុង Kyiv បាននិយាយថា ការបោះឆ្នោតធ្វើប្រជាមតិនេះ គឺជាអំពើបំពានលើច្បាប់អន្តរជាតិ ហើយជាអំពើបង្ខិតបង្ខំ និងក៏មិនតំណាងឆន្ទៈនៃពលរដ្ឋរបស់អ៊ុយក្រែនឡើយ។ ប៉ុន្តែរុស្ស៊ីមិនបានយល់ស្របនឹងទស្សនៈ របស់ប្រទេសលោកខាង លិចនិងអ៊ុយក្រែននោះទេ។ កាលពីថ្ងៃអាទិត្យទី២តុលាតុលាការធម្មនុញ្ញរុស្ស៊ី បានសម្រេចថា «សន្ធិសញ្ញាអន្តរជាតិ» ស្តីពីការបញ្ចូលតំបន់ទាំងបួននោះបានស្របទៅតាមរដ្ឋធម្មនុញ្ញរបស់ រុស្ស៊ីហើយ។ តុលាការធម្មនុញ្ញរុស្ស៊ី ក៏បានបញ្ជាក់បន្ថែមផងដែរថា ពេលវេលាបណ្តោះអា សន្ន ស្តីពីការធ្វើសមាហរណកម្មបញ្ចូលទឹកដីនេះ នឹងមានរយៈពេល រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

បណ្តាទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ឱ្យដឹងទៀតថា លោក វ្លាឌីមៀរ ពូទីននៅបានតែងតាំង សមាជិកសភាជាន់ខ្ពស់ឈ្មោះ អង់ដ្រេ គ្លីស្ហាស Andrey Klishas និង លោក ប៉ាវ៉ែល ក្រាស្ហេនីននីកូហ្វ Pavel Krasheninnikov ឱ្យធ្វើជាអ្នកតំណាងរូបលោកក្នុងកិច្ចប្រជុំរដ្ឋសភា ទាក់ទងនឹងការធ្វើសមាហរណកម្មនៃតំបន់ទាំង៤នោះ។ ទីភ្នាក់ងារព័ត៌មាន Interfax រុស្ស៊ី បានរាយការណ៍ដកស្រង់សម្តី សមាជិកសភាតំណាងលោក ក្រាស្ហេនីន នីកូហ្វ Krasheninnikov ដែលបាននិយាយថា ប្រជាជននៅក្នុងទឹកដីថ្មីនឹងទទួល បានសញ្ជាតិរុស្ស៊ីបន្ទាប់ពីការស្បថស្បែរបស់ពួកគេរួច ខណៈដែលប្រាក់រូប្ល៍ របស់រុស្ស៊ី នឹង ក្លាយជាប្រាក់ចាយវាយស្របច្បាប់នៅទីនោះ ទោះបីជាលុយអ៊ុយក្រែន ហ៊ីរីវីញ៉ាស Hryvnias នឹងអាចបន្តចាយវាយរហូតមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក៏ដោយ។

នៅលើសមរភូមិភាគខាងកើតអ៊ុយក្រែននោះវិញ, បើទោះបីជាមានការធ្វើប្រជាមតិទឹកដី, ការវាយប្រហារគ្នានៅតែបន្ត។ ក្នុងរង្វង់ទឹកដីដែលរុស្ស៊ីបានប្រកាសដាក់ជារណបទាំង៤នោះ យ៉ាងហោចទឹកដីក្នុងតំបន់ដូណេតស៍ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី មានប្រមាណ តែ៦០ភាគរយប៉ុណ្ណោះ។ កាលពីចុងសប្តាហ៍នេះទៀត, ទីក្រុងមួយឈ្មោះលីម៉ាន Lyman ដែលស្ថិតក្នុងរង្វង់ទឹកដី ដូណេតស៍ ក៏ត្រូវបានទាហានអ៊ុយក្រែន ទើបចូលដណ្តើមកាន់កាប់បានទៀត។ ទីក្រុងលីម៉ាន គឺជាទីក្រុងនៃមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់មួយ ដែលរុស្ស៊ីបានគ្រប់គ្រងកន្លងមកនេះ ប៉ុន្តែ សេចក្តីរាយការណ៍បង្ហាញថាទាហានរុស្ស៊ី បានដកថយចេញពីទីក្រុងនេះវិញ បន្ទាប់ពី ទីក្រុង ទាំងមូល បានធ្លាក់ក្នុងរង្វង់ហ៊ុំព័ទ្ធដោយទាហានអ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ត្រូវបានគេស្រង់សម្តីបញ្ជាក់ការអបអរសាទរ ចំពោះទាហានអ៊ុយក្រែន ដែលបន្តរំដោះទឹកដីភាគខាងកើតប្រទេស។ លោក Lloyd Austin បាននិយាយថាការដណ្តើមបាននូវទឹកដីនៃទីក្រុងលីម៉ាន Lyman នេះគឺជាការបាត់បង់ដ៏ធំមួយ ទៀតនៃកន្លែងដឹកជញ្ជួននិងស្បៀងដ៏សំខាន់របស់ទាហានរុស្ស៊ី និងធ្វើឱ្យរុស្ស៊ីកាន់តែធ្លាក់ក្នុង សភាពចាញ់មួយកម្រិតទៀត។ ប្រទេសរុស្ស៊ីបានបញ្ជាក់ថា ការដកកម្លាំងចេញពីក្រុង លីម៉ាន Lyman គឺដើម្បីការបញ្ចៀសការបាត់បង់ជីវិតមនុស្ស ខណៈទីក្រុងដែលមានមនុស្ស ជាច្រើនម៉ឺននាក់នេះ ត្រូវបានស្ថិតក្នុងរង្វង់ហ៊ុំព័ទ្ធរបស់ទាហានអ៊ុយក្រែន។ ទីក្រុង លីម៉ាន Lyman នេះ បានធ្លាក់ចូលក្នុងដៃទាហានអ៊ុយក្រែន នៅថ្ងៃសៅរ៍ទី១តុលាឆ្នាំ២០២២ គឺមួយថ្ងៃ បន្ទាប់ពី មេ ដឹកនាំរុស្ស៊ីបានប្រកាសទទួលស្គាល់តំបន់ទាំង៤ Donetsk, Luhansk, Zhaporizhzhia, និង Kherson ជាដែនដីនៃរណបរបស់រុស្ស៊ី។

ទង្វើរបស់រុស្ស៊ីដែលប្រកាសដាក់បញ្ចូលតំបន់ទាំង៤ជាទឹកដីចំណុះរុស្ស៊ី បានប្រញាប់ឱ្យ អ៊ុយក្រែនបានជម្រុញការដាក់ ប្រទេសរបស់ខ្លួនវិញ ជាសមាជិករបស់អង្គការណាតូ។ បើសិនជាអង្គការណាតូ នឹងទទួលយកអ៊ុយក្រែនជាប្រទេស នៃសមាជិករបស់ខ្លួនមែននោះ, អ៊ុយក្រែននឹងរំពឹងទទួលបានកិច្ចការពារយ៉ាងពេញលេញ ពីអង្គការសន្ធិសញ្ញាអត្លង់ទិកខាងជើង ប៉ុន្តែតើការជម្រុញដាក់អ៊ុយក្រែន ជាទឹកដីចំណុះរបស់អង្គការណាតូនេះ នឹងអាចធ្វើដំណើរសម្រេចបានជោគជ័យភ្លាមៗដែរឬទេ ជាពិសេសក្នុងពេលដែលការស្នើសុំនេះ ក្នុងលក្ខណៈ ដែលប្រទេសអ៊ុយក្រែនកំពុងស្ថិតក្នុងការធ្វើសង្គ្រាម? យោងតាមធម្មនុញ្ញរបស់អង្គការណាតូ, ការស្នើរបស់ប្រទេសណាមួយដែលកំពុងធ្វើសង្គ្រាម គឺជាបញ្ហាដែលស្មុគស្មាញខុស នឹងលក្ខន្តិកៈរបស់អង្គការណាតូ។

មេដឹកនាំអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡិនស្គី បានបដិសេធការចរចារកសន្តិភាពជាមួយ រុស្ស៊ីហើយដរាបណាលោកថា បើប្រទេសរុស្ស៊ីនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់លោកវ្លាឌីមៀរពូទីនដដែលនោះ។ លោកហ្សេឡិនស្គី ក្នុងរូបភាពវីដេអូដែល បានបង្ហាញកាលពីថ្ងៃសុក្រ ទី៣០ កញ្ញា បានចុះហត្ថលេខាតាមប្រព័ន្ធ Online ស្នើរកការសុំចូលរួមរបស់អ៊ុយក្រែនភ្លាមៗវិញ ដើម្បីក្លាយជាសមាជិករបស់អង្គការណាតូ។

ការចុះហត្ថលេខាស្នើដាក់អ៊ុយក្រែនជាសមាជិករបស់អង្គការណាតូនេះ គឺជាការបង្កើនកាន់ តែខ្លាំងថែមទៀតនៃភាពតានតឹង រវាងអ៊ុយក្រែននិងរុស្ស៊ី ទន្ទឹមនឹងពិភពលោកកំពុងជម្រុញ រកការបញ្ចប់សង្គ្រាមដើម្បីភាពធូរស្រាលឡើងវិញ របស់សកលលោកដោយសារតែសង្គ្រាម ជាង៧ខែកន្លងមកនេះ បានធ្វើឱ្យប្រទេសជាច្រើនបានក្លាយជាប្រទេសនៃជាចំណាប់ខ្មាំង របស់សង្គ្រាមរវាងប្រទេសទាំង២នេះ។ តាមពិតការលើកទ័ពរបស់រុស្ស៊ី ចូលក្នុងភាគខាងកើត នៃទឹកដី អ៊ុយក្រែន គឺជាបំណងចង់រារាំងអ៊ុយក្រែនមិនឱ្យក្លាយជាប្រទេសនៃអង្គការណាតូ នោះឡើយ ប៉ុន្តែរយៈពេលនៃសង្គ្រាមជាង៧ខែ ដែលគ្មានដំណោះស្រាយមកនេះ, អ៊ុយក្រែន ត្រូវបានបង្ខំចិត្តដាក់ប្រទេសរបស់ខ្លួន ជាសមាជិករបស់អង្គការណាតូវិញ បន្ទាប់ពីរុស្ស៊ី បាន ប្រើចំណាត់ការ ធ្វើប្រជាមតិកាត់យកទឹកដីភាគខាងកើតប្រទេសរបស់អ៊ុយក្រែន។ ពេលនេះអ្វីដែលរុស្ស៊ីមិនចង់ឱ្យ កើតមានក្នុងតំបន់អឺរ៉ុបភាគខាងកើតជាពិសេសឥទ្ធិពលរបស់ លោកខាងលិចរាលដាលដល់តំបន់ព្រំដែនរុស្ស៊ីនោះ កំពុងក្លាយជាស្រមោលលងចំពោះ ប្រទេសរុស្ស៊ីហើយ។

យោងតាមធម្មនុញ្ញរបស់អង្គការអត្លង់ទិកខាងជើង, សមាជិកភាពរបស់អង្គការ NATO គឺ ត្រូវ ការការយល់ព្រមពីសមាជិកទាំង ៣០សិន, ហើយបើយោងតាមស្ថានភាពរបស់អ៊ុយក្រែន នា ពេលនេះ ទំនងនឹងមិនទាន់ជាមិនចូលរួម នៅពេលណាមួយឆាប់ៗនេះបានឡើយ។ ប្រទេសណាមួយដែលមានសង្រ្គាម ហើយបានដាក់ពាក្យស្នើសុំចូលនោះ គឺនឹងបង្កឱ្យមាន ភាពស្មុគស្មាញក្នុងសំណើសុំចូលជាបេក្ខភាព។ ប្រទេសចំនួន៩នៃសមាជិករបស់អង្គការអូតង់ ដែលស្ថិតនៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើតបានបារម្ភថា រុស្ស៊ីអាចកំណត់គោលដៅបន្ទាប់មកទៀត ប្រសិនបើសង្គ្រាមមិនត្រូវបានបញ្ឈប់នៅក្នុងប្រទេសអ៊ុយក្រែន។

ពូកគេបានជំរុញឱ្យមានការឆ្លើយតបចំពោះការសំណើសុំបញ្ចូល របស់ប្រទេសអ៊ុយក្រែន។ ប្រទេសទាំង៩ គឺប្រទេសឆេក, អេស្តូនៀ, ឡាតវីយ៉ា, លីទុយអានី, ប្រទេសម៉ាសេដូនៀខាងជើង, ប្រទេសម៉ុងតេណេហ្គ្រោ, ប៉ូឡូញ, រូម៉ានី និងស្លូវ៉ាគី បានចេញ ផ្សាយសេចក្តីថ្លែងការណ៍មួយនៅលើ គេហទំព័ររបស់ពួកគេកាលពីថ្ងៃទី២តុលា ដោយ និយាយថា «យើងគាំទ្រអ៊ុយក្រែនក្នុងការការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី, ទាមទារឱ្យរុស្ស៊ីដកខ្លួនចេញជាបន្ទាន់ ចេញពីទឹកដីដែលបានកាន់កាប់ និងលើកទឹកចិត្តដល់ប្រទេស ជាសម្ព័ន្ធមិត្តទាំងអស់ ឱ្យបង្កើនជំនួយយោធាយ៉ាងច្រើនទៀតដល់ប្រទេសអ៊ុយក្រែន»

សេចក្តីប្រកាសដដែលបាននិយាយថាមេដឹកនាំទាំង៩របស់ពួកគេ «ឈរយ៉ាងរឹងមាំនៅពី ក្រោយការសម្រេចចិត្តរបស់កិច្ចប្រជុំកំពូល Bucharest NATO ឆ្នាំ២០០៨ ទាក់ទងនឹងសមា ជិកភាពនាពេលអនាគតរបស់អ៊ុយក្រែន»។ កិច្ចប្រជុំកំពូលឆ្នាំ២០០៨ គឺសមាជិកអង្គការណាតូបានស្វាគមន៍ ចំពោះសេចក្តីប្រាថ្នារបស់អ៊ុយ ក្រែន និងប្រទេសហ្សកហ្ស៊ី ក្នុងការចូលរួម ប៉ុន្តែនាពេលនោះ គេមិនបានផ្តល់ពេលវេលា ច្បាស់លាស់សម្រាប់ទាំង២ ដែលនឹងត្រូវធ្វើដំណើរចូលរួមក្នុងអង្គការណាតូនោះឡើយ។

នៅពេលសួរកាលពីថ្ងៃសុក្រអំពីការដាក់ពាក្យសុំរបស់ Zelenskyy សម្រាប់សមាជិកភាពរបស់ អង្គការ NATO នោះ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បាននិយាយ ថា ដំណើរការដាក់ពាក្យសុំរបស់អ៊ុយក្រែននោះ «គួរតែត្រូវបានធ្វើឡើងនៅពេលផ្សេងគ្នាណាមួយ»។ ចំណែកអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក៏មិនទាន់បាន បង្ហាញសញ្ញាណាមួយច្បាស់លាស់ជុំនឹងសំណើសុំចូលរួមរបស់ អ៊ុយក្រែននោះដែរ។

អគ្គលេខាធិការអង្គការណាតូ បានថ្លែងថាសកម្មភាពរបស់រុស្ស៊ីបានបង្ហាញនូវសង្គ្រាមដ៏ព្រៃ ផ្សៃរបស់រុស្ស៊ីបន្តឈា្លនពានលើអ៊ុយក្រែន, ហើយវាក៏មិនបានផ្លាស់ប្តូរនូវការប្តេជ្ញាចិត្តរបស់ យើងបានដែរដើម្បីគាំទ្រអ៊ុយក្រែន។ លោក Jens Stoltenberg បានបន្តថាប៉ុន្តែអង្គការណាតូ មិនមែនជាក្រុមបក្ខណាមួយចំពោះទំនាស់នោះទេ, ហើយអង្គការណាតូគ្រាន់តែផ្តល់នូវការ គាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ដើម្បីឱ្យអ៊ុយក្រែនអាចលើកស្មារតីប្រយុទ្ធក្នុងការការពារ ដោយខ្លួនឯងដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ យោងតាមមន្ត្រីជំនាញលោកខាងលិច, ការស្នើរបស់អ៊ុយក្រែនជាសមាជិករបស់អង្គការណា តូនេះ នឹងអាចត្រូវគេពិនិត្យខណៈ ដែលសង្គ្រាមនឹងបញ្ចប់នោះសិន។ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានថ្លែងចំអកថា អ្វីដែល លោកហ្សេឡិនស្គី បានធ្វើមកនេះ គឺស្មើនឹងអង្វរករដល់អង្គការណាតូក្នុងការជម្រុញការចាប់ ផ្តើមសង្គ្រាមលោកលើកទី៣៕