(កៀវ)៖ កងកម្លាំងអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថា កំពុងដណ្តើមបានក្រុងមួយចំនួនមកវិញ នៅតាមបណ្តោយច្រាំងខាងលិច នៃទន្លេឌីនីប្រូ (Dnipro) ក្នុងភាគខាងត្បូងប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទនេះ ខណៈរុស្ស៉ីហាក់កំពុងត្រូវបានបង្ខំឱ្យបោះបង់ចោល ទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់សមរភូមិជួរមុខដ៏សំខាន់មួយទៀត ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រកាសកាត់បញ្ចូលជាឧបសម្ព័ន្ធ​របស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។

យ៉ាងនេះក្តីទំហំនៃការរុលទៅមុខនេះរបស់អ៊ុយក្រែន គឺនៅមិនទាន់ត្រូវបានបញ្ជាក់នោះទេ ដោយទីក្រុងកៀវរក្សាភាពស្ងៀមស្ងាត់ទាំងស្រុង អំពីស្ថានភាពនៅក្នុងតំបន់។ ប៉ុន្តែអ្នកតាមដានលើយោធារុស្ស៉ី បានពណ៌នាអំពីរថក្រោះអ៊ុយក្រែនមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់ទឹកដីរាប់សិបគីឡូម៉ែត្រ តាមបណ្តោយច្រាំងទន្លេឌីនីប្រូ។ រីឯខ្លះទៀតបានអះអាងថា កងទ័ពរុស្ស៉ីបានថយឆ្ងាយដល់ប្រហែល៤០គីឡូម៉ែត្រ ពីអតីតខ្សែបន្ទាត់សមរភូមិជួរមុខចាស់។

គួរបញ្ជាក់ថា ការរុលទៅមុខតាមដងទន្លេឌីនីប្រូ អាចនឹងធ្វើឱ្យកងទ័ពរុស្ស៉ីត្រូវកាត់ផ្តាច់ការផ្គត់ផ្កង់នានា ដ្បិតទន្លេនេះមានផ្ទៃទទឹងធំ ហើយអ៊ុយក្រែនក៏បានកម្ទេចច្រកឆ្លងកាត់សំខាន់ៗ នៃទន្លេចោលផងដែរ។ ដោយឡែក ការបរាជ័យរបស់កងទ័ពរុស្ស៉ី នៅឯទីក្រុងលីម៉ាន (Lyman) នៃតំបន់ដូណេត​ (Donetsk) ភាគខាងកើតអ៊ុយក្រែនវិញនោះ ទើបតែបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីលោក ពូទីន បានប្រកាសការបញ្ចូលទឹកដីអ៊ុយក្រែនដែលរុស្ស៉ីកាន់កាប់ ទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន ហើយវានឹងបើកផ្លូវឲ្យកងកម្លាំងអ៊ុយក្រែន វាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី ព្រមទាំងកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់រុស្ស៊ីដែលនៅសល់៕