(អៅហ្កាឌូហ្គូ)៖ មេដឹកនាំរដ្ឋប្រហារយោធា លោក អ៉ីប្រ៉ាហ៉ីម ត្រាវរ៉េ (Ibrahim Traore) បានយល់ព្រមទទួលយកលក្ខខណ្ឌចុះចេញពីតំណែង របស់ប្រធានាធិបតីបួគីណាហ្វាសូ លោក ប៉ូល ហិនរី ដាមីបា (Paul-Henri Damiba) ដើម្បីចៀសវាងអំពើហិង្សា និងការធានាសុវត្ថិភាពរបស់លោក ក្រោយ ការធ្វើរដ្ឋប្រហារកាលពីថ្ងៃសុក្រសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។

យោងតាមកិច្ចព្រមព្រៀងខាងលើ លោក ត្រាវរ៉េ បានយល់ព្រមលើលក្ខខណ្ឌចំនួន៧ ក្នុងនោះរួមមានទាំងការធានាសុវត្ថិភាពរបស់លោក ដាបាមី និងសន្តិសុខរបស់ទាហានដែលគាំទ្ររូបលោក ក៏ដូចជាការគោរពការសន្យាចំពោះប្លុកតំបន់អាហ្រ្វិកខាងលិច ដើម្បីត្រឡប់ទៅរកការគ្រប់គ្រងប្រទេសតាម រដ្ឋធម្មនុញ្ញ នៅខែកក្កដា ឆ្នាំ២០២៤។ យ៉ាងនេះក្តី លោក ដាមីបា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ខណៈសមាជិកគ្រួសារជិតស្និទ្ធម្នាក់របស់លោក បានឲ្យដឹងថា លោកបានចាកចេញពីប្រទេសបួគីណាហ្វាសូ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។

លោក ត្រាវរ៉េ នឹងបន្តធ្វើជាប្រធានាធិបតីរបស់ប្រទេសបួគីណាហ្វាសូ រហូតដល់មានការកំណត់អន្តរកាល ឬតែងតាំងប្រធានាធិបតីនៃរបបយោធា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

គួរបញ្ជាក់ថា បួគីណាហ្វាសូ បានក្លាយជាចំណុចកណ្តាល នៃការវាយប្រហារដែលធ្វើឡើងដោយក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុម ISIS បន្ទាប់ពីអំពើហិង្សាបានចាប់ផ្តើមនៅម៉ាលី ដែលជាប្រទេសជិតខាងក្នុងឆ្នាំ២០១២ បានរីករាលដាលដល់ប្រទេសផ្សេងទៀតនៅឯ ភាគខាងត្បូងនៃតំបន់សាហារ៉ា៕

លោក Paul-Henri Damiba

លោក Ibrahim Traore