(ហាណូយ)៖ អាជ្ញាធរសុខាភិបាលនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញជាលើកដំបូងនូវករណីឆ្លងជំងឺ អុតស្វា (monkeypox) តែមិនបានបញ្ជាក់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងអ្នកជំងឺនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានវៀតណាម VN Express នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២។​

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អាជ្ញាធរសុខាភិបាលក្នុងទីក្រុងហូជីមិញ បានឱ្យដឹងទៀតថាពួកគេកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីតាមដានករណីឆ្លង និងទប់ស្កាត់ករណីឆ្លងជំងឺអុតស្វា។ ក្រសួងការសុខាភិបាលវៀតណាម ក៏ធ្លាប់បានប្រកាសដែរថាអ្នកដំណើរទាំងឡាយណាដែល ចូលមកក្នុងប្រទេស ដោយមកពីតំបន់មានករណីឆ្លងជំងឺអុតស្វា នឹងត្រូវបានដាក់ឱ្យនៅក្រោមការតាមដាន ឬត្រូវធ្វើចត្តាឡីស័ក ប្រសិនបើមានរោគសញ្ញា គួរឱ្យសង្ស័យ។

គួរបញ្ជាក់ថា​ អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុកជំងឺអុតស្វា​ ជាភាពអាសន្នចំពោះវិស័យសុខាភិបាលសកល ដោយមានករណីឆ្លងជាង ៣៥,០០០ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន៩២ ក្នុងនោះមាន១២នាក់បានស្លាប់ គិតត្រឹមខែសីហាកន្លងទៅ៕