(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថាលោក មើលមិនឃើញថាមានសញ្ញាណាមួយអាចបញ្ជាក់បានថាចិននឹងប្រើកម្លាំងយោធាវាយយកតៃវ៉ាន់ នៅឆាប់ៗខាងមុខនេះនោះទេ ប៉ុន្តែចិនកំពុងព្យាយាម បង្កើត «ស្ថានភាពថ្មីមួយ» តាមរយៈការធ្វើសកម្មភាពយោធាខ្លួននៅជុំវិញតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយដោយទូរទស្សន៍ CNN លោក អូស្ទីន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមើលមិនឃើញថានឹងមានឈ្លានពាននៅ ពេលឆាប់ៗខាងមុខនេះទេ។ ប៉ុន្តែ អ្វីដែលយើងមើលឃើញ នោះគឺចិនកំពុងផ្លាស់ប្តូរព្យាយាមបង្កើតស្ថានភាពថ្មីមួយ ជាមួយការបង្កើនការធ្វើសកម្មភាព យោធា និងបញ្ជូនយន្តហោះចម្បាំងឱ្យហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយយើងក៏បានឃើញហើយដែរនូវការកើនឡើងនៃសកម្មភាពរបស់នាវាចម្បាំង​ចិនទាំងនៅជុំវិញ និងក្បែរកោះតៃវ៉ាន់»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី ទៅកោះតៃវ៉ាន់កាលពីដើមខែសីហាកន្លងទៅ បានធ្វើឲ្យចិនខឹងសម្បារយ៉ាងខ្លាំង និងបានធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់នៅក្បែរកោះតៃវ៉ាន់។ រហូតមកដល់ពេលនេះសកម្មភាពយោធារបស់ចិន នៅតែបន្តធ្វើឡើង ទោះជាមានការថយចុះក៏ដោយ៕