(ប៉ារីស)៖ កិច្ចខិតខំប្រឹងប្រែងការទូតរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងការឆ្លើយតបទៅនឹងសង្រ្គាមនៅអ៊ុយក្រែន គឺជាបរាជ័យ និង «បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ» សម្រាប់ទីក្រុងកៀវ លោក Anders Fogh Rasmussen អតីតអគ្គលេខាធិការអង្គការណាតូ បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

អតីតនាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Rasmussen និងជាអ្នកការទូតជាន់ខ្ពស់បំផុតរបស់ពិភពលោកមួយរូបផងដែរ បានប្រាប់ទស្សនាវដ្តីបារាំង Le Point ថា «វាមិនអាចទទួលជោគជ័យទេ»

ការអត្ថាធិប្បាយរបស់គាត់បែបនេះ កើតឡើងបន្ទាប់ពីមានការរិះគន់ ជាពិសេសនៅអឺរ៉ុបខាងកើតអំពីរបៀបដែល លោក Macron រក្សាការទំនាក់ទំនងបើកចំហជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយការហៅទូរសព្ទដោយផ្ទាល់ សូម្បីតែបន្ទាប់ពីការលុកលុយលើអ៊ុយក្រែន ហើយបានព្រមានថាកុំឲ្យមើលងាយរុស្ស៉ី។

លោក Rasmussen បាននិយាយយ៉ាងដូច្នេះថា «លោក Macron បានធ្វើឱ្យពួកយើងភ្ញាក់ផ្អើលនៅដើមដំបូង នៃវិបត្តិ ជាមួយនឹងសេចក្តីថ្លែងការណ៍ និងការរិះគន់របស់គាត់ដែលថា លោក Putin មិនគួរត្រូវបានអាម៉ាស់មុខ និងត្រូវផ្តល់ផ្លូវចេញមួយជូនគាត់ (ពូទីន)។ សេចក្តីថ្លែងការណ៍បែបនេះគឺមហន្តរាយ និងមានគ្រោះថ្នាក់ខ្លាំងណាស់»៕