(ប៉េកាំង)៖ ក្រសួងការបរទេសចិនបាននិយាយថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបសមភាគីអ៊ុយក្រែន លោក Dmytro Kuleba នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។

កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ គឺជាជំនួបលើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនក្នុងខែកុម្ភៈ។

នៅថ្ងៃសុក្រនេះ តំបន់របស់ប្រទេសអ៊ុយក្រែន ដែលកាន់កាប់ដោយទីក្រុងមូស្គូកំពុងបោះឆ្នោតប្រជាមតិថា តើត្រូវក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ីឬយ៉ាងណា ខណៈប្រទេសសម្ព័ន្ធមិត្តបានថ្កោលទោសថា ជាការរំលោភយកដីដោយខុសច្បាប់។

លោក Wang បានប្រាប់ លោក Kuleba ថា «អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ត្រូវតែគោរព... ការព្រួយបារម្ភផ្នែកសន្តិសុខរបស់ប្រទេសទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ហើយកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលអំណោយផលដល់ការដោះស្រាយវិបត្តិដោយសន្តិវិធី ត្រូវបានគាំទ្រ»។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានបដិសេធមិនថ្កោលទោស ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលប្រធានាធិបតី លោក Xi Jinping បន្តសម្ព័ន្ធភាពជាយុទ្ធសាស្ត្រជិតស្និទ្ធជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក៕