(ឡាហាវ៉ាន)៖ គុយបា គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅក្នុងតំបន់សមុទ្រការ៉ាបៀន (Caribbean) ដោយមានព្រំដែនសមុទ្រជាប់ប្រទេស បាហាម៉ាស់ ហៃទី ហុងឌូរ៉ាស់ ចាម៉ៃកា ម៉ិកស៉ិក និងឆ្នេរសមុទ្ររដ្ឋផ្ល័រីដារបស់សហរដ្ឋអាមេរិក។ ចាប់តាំងពីការដួលរលំនៃរបបដឹកនាំផ្ដាច់ការរបស់លោក ហ្វូលហ្គិនស្យូ ប៉ាទីស្ដា (Fulgencio Batista) គាំទ្រដោយសហរដ្ឋអាមេរិក នៅឆ្នាំ១៩៥៩មក គុយបាបានក្លាយជាប្រទេសកុម្មុយនិស្ដតែមួយគត់ដែល ស្ថិតនៅក្បែររបងផ្ទះអាមេរិក។

គុយបា មានកេរ្តិ៍ឈ្មោះល្បីល្បាញខាងប្រព័ន្ធអប់រំ និងសុខាភិបាល។ ប៉ុន្តែ មានបញ្ហាសេដ្ឋកិច្ច ដោយសារទណ្ឌកម្មអាមេរិក។ ខាងក្រោមនេះគឺជា ប្រវត្តិរូបសង្ខេបរបស់គុយបា៖

* គុយបាមានឈ្មោះផ្លូវការថា៖ សាធារណរដ្ឋគុយបា
* មានរដ្ឋធានី៖ ឡាហាវ៉ាន
* មានប្រជាជនសរុប៖ ១១.៥លាននាក់
* មានផ្ទៃដី៖ ១១០,៨៦០គីឡូម៉ែត្រក្រឡា
* ប្រើប្រាស់ភាសាអេស្ប៉ាញ
* សាសនាគ្រឹស្តជាសាសនាធំជាងគេនៅក្នុងប្រទេស
* អត្រាសង្ឃឹមរស់របស់ប្រជាជន៖ មនុស្សប្រុស៧៨ឆ្នាំ និងមនុស្សស្រី ៨២ឆ្នាំ
* រិបិយបណ្ណគឺ គុយបាប៉េសូ
* ជាសមាជិកអង្គការសហប្រជាជាតិ និងធនាគារពិភពលោក
* GDP ប្រជាជនក្នុងម្នាក់៖ ៩,៤៧៨ដុល្លារក្នុងមួយឆ្នាំ
* ប្រធានាធិបតីសព្វថ្ងៃ គឺលោក មីហ្គុយអែល ឌីយ៉ាស់ កាណែល (Miguel Diaz-Canel)

លោក Miguel Diaz-Canel បានក្លាយជាប្រធានាធិបតីគុយបា កាលពីខែមេសា ឆ្នាំ២០១៨ ក្រោយការកាន់អំណាចរាប់សិបឆ្នាំនៃគ្រួសារត្រកូលលោក កាស្ត្រូ។ លោក Diaz-Canel មានអាយុ ៥៧ឆ្នាំ បានឡើងស្បថចូលកាន់តំណែងបន្តពីលោក រ៉ាអ៊ូល កាស្រ្តូ ដែលជាប្អូនប្រុសរបស់អតីតមេដឹកនាំគុយបា លោក ហ្វីឌែល កាស្ត្រូ។

លោក Diaz-Canel គឺជាអតីតវិស្វករម្នាក់ដែលបានចាប់កំណើត ក្រោយបដិវត្តន៍ដែលនាំលោក ហ្វីឌែល កាស្ត្រូ ឡើងកាន់អំណាចនៅគុយបា។

* ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់គុយបា៖
- ឆ្នាំ១៨៩៨៖ គុយបា បានចុះញ៉មជាមួយសហរដ្ឋអាមេរិក ដែលបានបំបាក់អេស្ប៉ាញនៅក្នុងសង្រ្គាម
- ឆ្នាំ១៩០២៖ គុយបាក្លាយរដ្ឋឯករាជ្យ ក្រោមអាណាព្យាបាលរបស់សហរដ្ឋអាមេរិក
- ឆ្នាំ១៩៣៣៖ លោក Fulgencio Batista បានឡើងកាន់អំណាចនៅគុយបា តាមរយៈការធ្វើរដ្ឋប្រហារ
- ឆ្នាំ១៩៥៩៖ លោក ហ្វីឌែល កាស្ត្រូ ដឹកនាំកងទ័ពវាយលុកចូលរដ្ឋធានីឡាហាវ៉ាន ដោយបង្ខំឱ្យលោក បាទីស្ដា រត់ភៀសខ្លួន
- ឆ្នាំ១៩៦១៖ សហរដ្ឋអាមេរិក ផ្ដាច់ទំនាក់ទំនងការទូតជាមួយគុយបា និងដាក់ទណ្ឌកម្មសេដ្ឋកិច្ច
- ឆ្នាំ១៩៦១៖ កងទ័ពគុយបានៅក្រៅប្រទេសដែលគាំទ្រដោយសហរដ្ឋអាមេរិក បានព្យាយាមឈ្លានពានគុយបា តាមឆ្នេរសមុទ្រ Bay of Pigs, តែបានបរាជ័យ
- ឆ្នាំ១៩៦២៖ គុយបាអនុញ្ញាតឱ្យរុស្ស៉ី ដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន បង្កឱ្យមានវិបត្តិមីស៊ីលគុយបា
- ឆ្នាំ២០០៦៖ លោក ហ្វីឌែល កាស្ត្រូ បានប្រគល់អំណាចបណ្ដោះអាសន្នឱ្យប្អូនប្រុស គឺលោក រ៉ាអ៊ូល កាស្ត្រូ
- ឆ្នាំ២០០៨៖ លោក រ៉ាអ៊ូល កាស្ត្រូ ឡើងកាន់តំណែងជាប្រធានាធិបតីគុយបា ជំនួសបងប្រុស
- ឆ្នាំ២០១៦៖ លោក ហ្វីឌែល កាស្ត្រូ ទទួលមរណភាពនៅអាយុ ៩០ឆ្នាំ
- ឆ្នាំ២០១៨ លោក Miguel Diaz-Canel ក្លាយជាប្រធានាធិបតីគុយបា៕


(ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel)