(រីយ៉ាដ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អារ៉ាប៊ីសាអូឌីតបានប្រកាសបើក កម្មវិធីបណ្តុះបណ្តាលអវកាសយានិករបស់ខ្លួន ដែលមានគោលដៅបញ្ជូនក្រុមអវកាសយានិក ក្នុងនោះនឹងរួមមានទាំងស្រ្តីម្នាក់ផងដែរ នៅឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Al Arabiya នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA បានឱ្យដឹងថា កម្មវិធីខាងលើនឹងជួយឱ្យអវកាសយានិកអារ៉ាប៊ីសាអូឌីត អាចធ្វើការពិសោធ និងស្រាវជ្រាវផ្សេងៗពាក់ព័ន្ធនឹងផ្នែកវិទ្យាសាស្រ្ត ដើម្បីបម្រើជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល នៅក្នុងវិស័យអាទិភាពដូចជា សុខាភិបាល និរន្តរភាព និងបច្ចេកវិទ្យាអវកាស ហើយកម្មវិធីនេះគឺជាផ្នែកដ៏សំខាន់មួយ នៃចក្ខុវិស័យឆ្នាំ២០៣០ របស់ព្រះរាជាណាចក្រអារ៉ាប់មួយនេះ។

គួរបញ្ជាក់ថា បុគ្គលដំបូងបំផុតមកពីពិភពអារ៉ាប់ឬមូស្លីម ដែលបានធ្វើដំណើរទៅកាន់ទីអវកាស គឺព្រះអង្គម្ចាស់ ស៊ូលតង់ ប៊ីន សាល់ម៉ាន់ (Sultan bin Salman) របស់អារ៉ាប៊ីសាអូឌីត។ ព្រះអង្គម្ចាស់ ស៊ូលតង់ ប៊ីន សាល់ម៉ាន់ បានយាងទៅកាន់ទីអវកាស ក្នុងនាមជាសមាជិកក្រុមអវកាសយានិក សរុបចំនួន៧នាក់ នៃបេសកកម្ម Discovery របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីឆ្នាំ១៩៨៥។

នាពេលបច្ចុប្បន្ន ក្នុងចំណោមបណ្តាប្រទេសអារ៉ាប់ទាំងអស់ គឺអេមីរ៉ាត់អារ៉ាប់រួម កំពុងជាប្រទេសដែលមានកម្មវិធីអវកាសនាំមុខគេ។ កាលពីខែកុម្ភៈ ឆ្នាំ២០២១ អាមីរ៉ាត់អារ៉ាប់រួមសម្រេចបាន នូវជោគជ័យក្នុងការបញ្ជូនយាអវកាស១គ្រឿង ទៅដល់គន្លងក្បែរភពអង្គារ (Mars) ហើយកំពុងតែមានមហិច្ឆតាបញ្ជូនយានរ៉ូបូត ដែលអាចចល័តបាន ឱ្យទៅចុះចតលើផ្ទៃព្រះចន្ទថែមទៀត។ ប្រសិនបើបេសកកម្មឋានព្រះចន្ទនេះជោគជ័យ អេមីរ៉ាត់អារ៉ាប់រួម ហើយនិងជប៉ុន ដែលជាអ្នកផ្តល់យានរ៉ូបូតនោះ នឹងចូលរួមជាមួយសហរដ្ឋអាមេរិក រុស្ស៉ី និងចិន ក្នុងនាមជាក្រុមប្រទេស ដែលមានយាននៅលើផ្ទៃរបស់ព្រះចន្ទ៕