(យូអិន)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឡើងការពារសកម្មភាពរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈអង្គការសហប្រជាជាតិបានព្រមានទីក្រុងមូស្គូ ប្រឆាំងនឹងការកាត់បញ្ចូលទឹកដីរបស់អ៊ុយក្រែន ហើយក្រុមរដ្ឋមន្រ្តីលោកខាងលិច បានអំពាវនាវឲ្យមានការទទួលខុសត្រូវលើការប្រព្រឹត្តអំពើឃោរឃៅ។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងសុន្ទរកថាខាងលើនេះ លោក ឡារ៉ូវ បានចោទប្រកាន់ទីក្រុងកៀវថា បានគំរាមកំហែងសន្តិសុខរបស់រុស្ស៉ី និង «ជាន់ឈ្លី» សិទ្ធិរបស់ជនជាតិរុស្ស៉ី ក៏ដូចជាអ្នកនិយាយភាសារុស្ស៉ីនៅអ៊ុយក្រែន ដោយបន្ថែមថាការវាយប្រហារនៅអ៊ុយក្រែន គឺជារឿងដែលចៀសមិនរួច។ លោក ឡារ៉ូវ បានបន្ថែមថា ប្រទេសដែលបានផ្គត់ផ្គង់អាវុធនិងបណ្តុះបណ្តាលទាហានអ៊ុយក្រែន គឺជាភាគីនៃជម្លោះ ហើយការបង្កើតដោយចេតនានៃជម្លោះពី សំណាក់ប្រទេសលោកខាលិច នៅតែមិនត្រូវបានផ្តន្ទាទោស។

គួរបញ្ជាក់ថា លោក ឡារ៉ូវ គ្រាន់តែស្ថិតនៅក្នុងសភាដើម្បីថ្លែងសុន្ទរកថា ទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខ ទាំង១៥ប្រទេស ដែលមានការចូលរួមដោយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន និងលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ផងដែរ ប៉ុន្តែលោក ឡារ៉ូវ តែមិនបានចូលរួមស្តាប់សុន្ទរកថារបស់សមាជិកដទៃឡើយ៕