(កៀវ)៖ ការបោះឆ្នោតបានចាប់ផ្តើមនាថ្ងៃសុក្រនេះ នៅតាមតំបន់គ្រប់គ្រងដោយកងទ័ពរុស្ស៉ី នៅភាគខាងត្បូងនិងភាគខាងកើត នៃប្រទេសអ៊ុយក្រែន ក្នុងការធ្វើប្រជាមតិមួយ ដែលរុស្ស៉ីរំពឹងថានឹងប្រើប្រាស់ ដើម្បីធ្វើជាហេតុផលសម្រាប់ការក្រសោបយក តំបន់ទាំងអស់នោះទៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។

ការបោះឆ្នោតប្រជាមតិខាងលើ កំពុងចាប់ប្រព្រឹត្តទៅនៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន គឺលូហាន (Luhansk) និង ដូណេត (Donetsk) ដែលរួមគ្នាត្រូវគេស្គាល់ថា តំបន់ដុនបាស់ (Donbass) ព្រមទាំងតំបន់ឃើសុន (Kherson) និងតំបន់ហ្សាប៉ូរីហ្ស៉ីយ៉ា (Zaporizhzhia)។ តំបន់ទាំង៤នេះ តំណាងឱ្យប្រមាណ១៥ភាគរយ នៃទឹកដីអ៊ុយក្រែនទាំងអស់ ខណៈការបោះឆ្នោតនឹងបន្តរហូតដល់ ថ្ងៃអង្គារសប្តាហ៍ក្រោយ។

ទីក្រុងមូស្គូបានលើកឡើងថា ការធ្វើប្រជាមតិខាងលើ គឺជាឱកាសសម្រាប់ឱ្យប្រជាជនរស់នៅក្នុងតំបន់ទាំង៤ បង្ហាញពីទស្សនៈរបស់ពួកគេ។ ចំណែកទីក្រុងកៀវ បាននិយាយថា រុស្ស៉ីបានបំណងយកលទ្ធផលនៃការបោះឆ្នោតប្រជាមតិ ធ្វើជាសញ្ញានៃការគាំទ្ររបស់ ប្រជាជនអ៊ុយក្រែននៅតំបន់ទាំងនោះ មកលើប្រទេសខ្លួន ហើយប្រើប្រាស់វាជាលេស ដើម្បីកាត់យកដីអ៊ុយក្រែន ពោលគឺស្រដៀងគ្នាទៅនឹង អ្វីដែលរុស្ស៉ីបានធ្វើលើតំបន់ឧបទ្វីបគ្រីមៀ កាលពីឆ្នាំ២០១៤ យ៉ាងដូច្នោះ។

គួរបញ្ជាក់ថា ដូចទៅនឹងតំបន់គ្រីមៀដែរ ក្រុមលោកខាងលិចបានប្រកាសថា នឹងមិនទទួលស្គាល់លទ្ធផលការធ្វើប្រជាមតិ នៅតំបន់លូហាន, ដូណេត, ឃើសុន និងហ្សាប៉ូរីហ្ស៉ីយ៉ា ឡើយ ហើយហៅការបោះឆ្នោតទាំងនេះជា ទង្វើឥតខ្មាស់អៀន និងពុំមានភាពស្របច្បាប់៕