(ញូយ៉ក)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតីហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានគូសបញ្ជាក់ពីការគាំទ្រចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងការធ្វើប្រតិបត្តិការហោះហើរនៅលើសមុទ្រចិនខាងត្បូង ជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់ចិនដែលកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។

លោក បៃដិន និងលោក ម៉ាកូស បានជួបពិភាក្សាទល់មុខគ្នាជាលើកដំបូង នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។ បើតាមសេចក្តីថ្លែងការណ៍របស់ សេតវិមាន, មេដឹកនាំទាំង២ បានពិភាក្សាគ្នាអំពីស្ថានភាពនៅសមុទ្រចិនខាងត្បូង ជាមួយការគូសបញ្ជាក់អំពីការគាំទ្ររបស់ពួកគេចំពោះសេរីភាពនៃការធ្វើនាវាចរណ៍, ការហោះហើរ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ជាមួយគ្នានេះ មេដឹកនាំទាំងពីរបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃសម្ព័ន្ធភាពអាមេរិក-ហ្វីលីពីន ខណៈលោក បៃដិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការការពារប្រទេសហ្វីលីពីន។

កំលុងពេលចាប់ផ្តើមកិច្ចពិភាក្សា លោក បៃដិន បានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូង, ជំងឺកូវីដ-១៩ និងថាមពលកកើតឡើងវិញ ខណៈលោកបានអរគុណដល់ លោក ម៉ាកូស ដែលបានបង្ហាញជំហរប្រឆាំងនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ចំណែក លោក ម៉ាកូស បានសង្កត់ធ្ងន់ថា តួនាទីរបស់សហរដ្ឋអាមេរិកក្នុងការរក្សា សន្តិភាពក្នុងតំបន់ គឺជាអ្វីដែលគួរឲ្យកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រទេសទាំងអស់នៅក្នុងតំបន់ ជាពិសេសគឺហ្វីលីពីន តែម្តង។

គួរបញ្ជាក់ថា ហ្វីលីពីនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក និងត្រូវបានគេមើលឃើញថាជាដៃគូរយុទ្ធសាស្ត្រមួយ ក្នុងករណីដែលសហរដ្ឋអាមេរិកត្រូវការ ដើម្បីការពារតៃវ៉ាន់តាមរយៈការផ្តល់ទីតាំងភូមិសាស្ត្រ ប្រសិនបើចិនប្រើកម្លាំងយោធាលើកោះនេះ៕